ព្រះវិហារ៖ ថវិកាប្រមាណ១១លានដុល្លារ បានចាក់ចូលទៅក្នុងចរន្តសេដ្ឋកិច្ចក្នុងខេត្តព្រះវិហារ តាមរយៈការចុះកិច្ចសន្យាទិញ លក់ ដំឡូងមីស្ងួតរវាងសហគមន៍កសិកម្មចំនួន ១១នៅខេត្តព្រះវិហារ ក្នុងឆ្នាំ២០២២។
នៅរសៀលថ្ងៃទី១ ខែវិច្ឆិកាម្សិលមិញនេះ សហគមន៍កសិកម្មចំនួន១១នៅខេត្តព្រះវិហារ បានចុះកិច្ចសន្យា ទិញ លក់ ដំឡូងមីស្ងួត ជូនក្រុមហ៊ុនហង្សហាវេស អេហ្រ្គីខលឈ័រ លើបរិមាណជាង៥ម៉ឺនតោននៅក្នុងឆ្នាំ២០២២នេះ។ ពិធីនេះក្រោមវត្តមានឯកឧត្តមគីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម លោក ប្រធានមន្ទីរកសិកម្មខេត្ត លោកនាយកក្រុមហ៊ុន លោក លោកស្រីតំណាងដៃគូរអភិវឌ្ឍន៍ និងប្រជាសហគមន៍កសិកម្មជាច្រើនរូបទៀត ។
ក្នុងពិធីនោះដែរឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងដោយសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខា លើកិច្ចសន្យាប្រចាំឆ្នាំ សម្រាប់ការ ទិញ លក់ ដំឡូងមីស្ងួត រវាងក្រុមហ៊ុនហង្សហាវេស អេហ្គ្រីខលឈ័រ ជាមួយសហគមន៍កសិកម្មនៅខេត្តព្រះវិហារនាពេលនេះ។
ឯកឧត្តម គីម រិទ្ធី ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនិងក្រុមការងារគម្រោងពិពិធកម្មកសិកម្មកម្ពុជា ក្រុមការងារក្រុមហ៊ុនSBK និងក្រុមហ៊ុនហង្សហាវេស អេហ្គ្រីខលឈ័រ ពិសេសមន្ទីរកសិកម្មខេត្តព្រះវិហារ ដែលបានខិតខំប្រឹងប្រែងដើម្បីឱ្យមានកម្មវិធីចុះហត្ថលេខានេះ។
ឯកឧត្តម អភិបាលខេត្តព្រះវិហារ ក៏បានសំដែងនូវក្តីសោមនស្សរីករាយចំពោះថ្នាក់ដឹកនាំនិងក្រុមការងារគម្រោង ដែលបានសហការយ៉ាងល្អប្រពៃ ជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ហើយបានប្រឹងប្រែងយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តគម្រោង ទោះបីជាជួបបញ្ហាប្រឈមពីការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ក្តី ក៏បានរួមគ្នាដោះស្រាយការងារសង្គ្រោះបន្ទាន់ ដល់អ្នករងគ្រោះដោយសារវិបត្តិនេះ តាមរយៈបង្កើនផលិតកម្មស្បៀងដែលឆាប់ឱ្យផល ដូចជាផលិតកម្មបន្លែ វារីវប្បកម្ម ចិញ្ចឹមត្រី កង្កែប ការចិញ្ចឹម មាន់ ទា ព្រមទាំងផ្តល់ស្រះ អណ្តូង ដែលបានជួយគ្រួសារក្រីក្រអាចស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។
ឯកឧត្តម គីម រិទ្ធី ថ្លែងបន្តថា ថ្ងៃនេះយើងបានចុះហត្ថលេខាលើកិច្ចសន្យា ទិញ លក់ ដំឡូងមីស្ងួត រវាងក្រុមហ៊ុនហង្សហាវេស អេហ្គ្រីខលឈ័រ ជាមួយសហគមន៍កសិកម្មចំនួន១១ លើបរិមាណជាង ៥ម៉ឺនតោន។ដែលនេះបង្ហាញពីភាពរឹងមាំនៃទីផ្សារដំឡូងមីនៅកម្ពុជា អាចនាំចេញទៅប្រទេសចិន នឹងអាចចូលរួមលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ តាមរយៈការពង្រឹង ពង្រីកទីផ្សារផលិតផលកសិកម្ម។
ដើម្បីឱ្យកិច្ចសន្យានេះដំណើរការបានដោយរលូន ឯកឧត្តមអភិបាលខេត្តព្រះវិហារ បានណែនាំភាគីទាំងពីរព្យាយាមអនុវត្តឱ្យបានល្អ នូវរាល់លក្ខខណ្ឌដែលបានចែងនៅក្នុងកិច្ចសន្យា ជាពិសេសប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម ត្រូវពន្យល់ដល់សមាជិកដែលជាផលិតករ ឱ្យបានយល់ច្បាស់នូវរាល់លក្ខខណ្ឌ រួមទាំងបរិមាណ និងគុណភាពដំឡូងមីស្ងួតដែលត្រូវផ្គត់ផ្គង់ជូនក្រុមហ៊ុន៕








