ឧត្ដរមានជ័យ៖ ក្រុមការងារអភិរក្សសំណង់បុរាណ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តឧត្តរមានជ័យ បន្តគម្រោងជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធស្ពានទ័ព ដែលរងការខូចខាតឲ្យមានភាពល្អប្រសើរឡើងវិញ ដើម្បីបម្រើដល់វិស័យទេសចរណ៍។
លោក ហុង យឿន ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ស្ពានទ័ព ត្រូវបានកសាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ មានបណ្តោយប្រវែង១៥០ម៉ែត្រ ទទឹងប្រវែង ១៦,៥០ម៉ែត្រ និងកម្ពស់១០ម៉ែត្រ ដែលជាស្ពានបុរាណដ៏វែងជាងគេមួយក្នុងប្រទេសកម្ពុជា មានទីតាំង ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកចុងកាល់។ ស្ពាននេះ កន្លងមក មិនសូវមានអ្នកស្គាល់នោះទេ ដោយសារព្រៃ ដុះហ៊ុំព័ទ្ធជិត និងមានការបែកបាក់ខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផង ។
លោក បានឱ្យដឹងថា បច្ចុប្បន្ន ស្ពាននេះ ត្រូវបានគេស្គាល់ច្រើនហើយ បន្ទាប់ពីមានការផ្សព្វផ្សាយ និងការជួសជុល ដែលរំពឹងថា ទៅអនាគត ស្ពាននេះ នឹងក្លាយជាគោលដៅទេសចរណ៍មួយរបស់ខេត្តជាយដែននេះ និងផ្ដល់ផលប្រយោជន៍ដល់សហគមន៍ផង។
លោកស្រី ម៉ម វណ្ណារី ប្រធានការិយាល័យនាយកដ្ឋានការពារ និងអភិរក្សសំណង់បុរាណ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា នេះគឺជាគម្រោងលើកទី៧ហើយ សម្រាប់ក្រុមការងារអភិរក្ស សំណង់បុរាណ។ ការជួសជុលស្ពានទ័ពនេះ គឺផ្ដោតលើចំណុចរលុះថ្មផ្នែកខាងកើត ដោយសារទឹកហូរបុក ខ្លាំងអំឡុងរដូវវស្សាម្តងៗ ។ ចំណែកផ្នែកខាងលិច មិនសូវរលុះថ្មចេញប៉ុន្មាននោះទេ។
ក្រុមការងារ ត្រូវជីក រណ្តៅជម្រៅ៤ម៉ែត្រចុះក្រោម ដើម្បីដាក់ថ្មតាមជញ្ជាំងដែលពុកផុយ ដោយបានយកថ្មថ្មីប្រភេទថ្មបាយ ក្រៀម មកក្រាលធ្វើជាគ្រឹះជើងសរសរចាស់នីមួយៗ ដើម្បីឲ្យមានភាពរឹងមាំធន់នឹងទឹកហូរ ៕អត្ថបទ៖ ឃិន សារិទ្ធ