ភ្នំពេញ៖ កម្ពុជា និងអាស៊ានរួមទាំងបណ្ដាដៃគូអភិវឌ្ឍន៍ដែលធ្វើការលើវិស័យកុមារ បានរៀបវេទិកា អាស៊ានប្រចាំឆ្នាំ ស្ដីពីកិច្ចការពារកុមារតាមប្រព័ន្ធអនឡាញ។ កិច្ចប្រជុំនេះនឹងធ្វើឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី២ និងថ្ងៃទី៣ ខែវិច្ឆិកា។
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អាស៊ាន រួមទាំងបណ្ដាអង្គការដៃគូអភិវឌ្ឍន៍ និងស្ថានទូតអូស្ត្រាលី បានរៀបចំវេទិការយៈពេលពីរថ្ងៃ ស្ដីពីកិច្ចការពារកុមារតាមប្រព័ន្ធអនឡាញ។
នេះជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ជាច្រើន ដែលកម្ពុជារៀបចំឡើង មុននឹងកិច្ចប្រជុំថ្នាក់កំពូលអាស៊ាន ចូលមកដល់។
ក្នុងឱកាសបើកវេទិកានេះ ឯកឧត្តម ម៉ែន វិចិត្ត រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាតំណាងឯកឧត្តមរដ្ឋមន្ត្រី បានចាត់ទុកថានេះជាកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីឈានទៅទប់ស្កាត់ និងការពារកុមារពីការរំលោភបំពាននេះ។ វេទិកានេះគឺជាឱកាសសម្រាប់គ្រប់ភាគីទាំងអស់ ត្រូវធ្វើការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធដើម្បីធានាថាកុមារពិតជាអាចទទួលបានអត្ថប្រយោជន៍ការប្រើប្រាស់ប្រព័ន្ធអនឡាញ ជាមួយនឹងការទទួលបានការការពារពីការកេងប្រវ័ញ្ច និងរំលោភបំពានតាមប្រព័ន្ធអនឡាញផងដែរ។
ឯកឧត្តមលើកឡើងបន្ថែមថា សម្រាប់កម្ពុជាផ្ទាល់ គឺរាជរដ្ឋាភិបាលបានបំពេញនិងសម្រេចបានការងារជាច្រើនក្នុងការជួយដល់កុមារ ដែលអាចចាត់ទុកជាប្រទេសគំរូមួយផងដែរ។
សម្រាប់កម្ពុជាក្រៅពីមានមន្ត្រីជំនាញ ជាច្រើនដែលធ្វើការលើវិស័យកុមារ ក៏ដូចជាផែនការសកម្មភាពនានា គឺកម្ពុជាក៏បានជួយសង្គ្រោះកុមារជាច្រើនចេញពីគ្រោះសាហាវ កូវីដ-១៩ និងមានការឧបត្ថម្ភជាជួយដល់កុមារងាយរងគ្រោះជាច្រើន។ ជាក់ស្ដែងគឺមានការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយមិនគិតថ្លៃដល់កុមារអាយុពី ៣ឆ្នាំ ទៅក្រោម ១៨ឆ្នាំប្រមាណ ៤លាន ៨សែននាក់ ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំប្រមាណ ២៦ម៉ឺននាក់ និងមានការជួយដល់គ្រួសារក្រីក្រជាប្រចាំខែដោយចំណាយថវិកាជាតិអស់ជិត ៩០០លានដុល្លារ។
គួរបញ្ជាក់ដែរថា សម្រាប់វេទិការយៈពេលពីរថ្ងៃដែលរៀបចំឡើងនេះ គឺនឹងការចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយ ក្នុងការឆ្លើយតបក្នុងការទប់ស្កាត់ការពារដល់កុមារ៕អត្ថបទ៖ គឹមហុក