ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងផែនការ ដែលមានការគាំទ្រពីដៃគូផ្សេងៗ ធ្វើការកែសម្រួលគោលដៅអភិវឌ្ឍប្រកបដោយចីរភាព នៃចំណុចមួយចំនួន បន្ទាប់ពីបានអនុវត្តទៅមានភាពខ្វះចន្លោះ ឬចំណុចខ្លះខ្វះថវិកាសម្រាប់អនុវត្ត ហើយក្រសួងផែនការ ក៏បានជំរុញដល់ក្រសួងស្ថាប័ននានា បញ្ជូនទិន្នន័យ ឲ្យបានជាក់លាក់ពីគោលដៅ និងសូចនាករទាំងនោះ ។
ក្នុងសិក្ខាសាលាផ្សព្វផ្សាយបញ្ជីការសម្រួលចំណុចដៅ សូចនាករ និងតម្លៃចំណុចដៅសូចនាករ របស់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា (គ.អ.ច.ក) នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម រិន វីរៈ រដ្ឋមន្ត្រីស្ដីទី ក្រសួងផែនការ មានប្រសាសន៍ថា ការងារកែសម្រួលនេះ ត្រូវបានចាប់ផ្ដើមតាំងពីឆ្នាំ២០២០ ប៉ុន្ដែ ដោយសារបញ្ហាជំងឺកូវីដ-១៩ បានធ្វើឲ្យដំណើរការនៃការរៀបចំ និងបញ្ចប់ការងារនេះ មានភាពយឺតយ៉ាវជាងការគ្រោងទុក។
ឯកឧត្តម បានបន្តថា ក្នុងរបាយការណ៍ចំនួន២ នៅក្នុងឆ្នាំ២០១៩ បានបង្ហាញថា ប្រមាណជាង២០ភាគរយនៃចំណុចដៅ ឬប្រមាណជាង៣២ភាគរយ នៃសូចនាករ របស់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា មិនមានទិន្ន័យគាំទ្រ ឬមិនមានវដ្ដទិន្នន័យ ក្នុងពេលដែលរៀបចំរបាយកាណ៍នេះ ដែលជាហេតុធ្វើឲ្យមិនអាចកំណត់បានថា ចំណុច ឬសូចនាករនោះ សម្រេចបាន ឬមិនសម្រេចបានតាមការគម្រោងទុកក្នុងឆ្នាំ២០៣០ ។
ឯកឧត្តម បានបន្ថែមថា ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងផែនការបានណែនាំដល់ក្រសួង ស្ថាប័ន សហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីស្វែងរកប្រភពទិន្នន័យ គាំទ្រដល់ចំណុចដៅ ឬសូចនាករទាំងនោះ ជាពិសេសសូចនាករ ដែលពុំមានប្រភពទិន្នន័យគាំទ្រ ។
កាលពីពេលថ្មីៗកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់អង្គការសហប្រជាជាតិ ពិនិត្យមើលឡើងវិញពីគោលដៅ ចំណុចដៅរបស់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដូចនេះកម្ពុជាក៏ត្រូវកែសម្រួលបណ្ដាគោលដៅនានា រួមទាំងគោលដៅជាតិ ដែលមាននៅក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិផងដែរ ។
គួរបញ្ជាក់ថា គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ក្នុងនោះ មានគោលដៅចំនួន ១៨, ចំណុចដៅចំនួន៨៨ និងសូចនាករចំនួន១៤៨៕ អត្ថបទ៖ បាន សុខរិទ្ធិ