បាល់ទាត់៖ បន្ទាប់ពីជ័យជំនះ ២-០ ជើងទី១ លើ Porto សប្ដាហ៍មុនក្រុមតោខៀវ Chelsea គ្មានកីឡារបួសឡើយមុនជំនួបជើងទី២ រាត្រីនេះវគ្គ ៨ក្រុមចុងក្រោយ UEFA Champions League នៅកីឡដ្ឋាន Ramon Sanchez Pizjuan ដែលជាទឹកដីរបស់ក្លិបអេស្ប៉ាញ Sevilla។

ពីរគ្រាប់របស់ Mason Mount និង Ben Chilwell កាលពីជើងទី១ ធ្វើឲ្យក្រុមរបស់លោក Thomas Tuchel មានក្តីសង្ឃឹមខ្ពស់ ដើម្បីឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកដំបូងតាំងពីឆ្នាំ២០១៤។ បីប្រកួតជាប់គ្នាមកហើយ Chelsea មិនរបូតគ្រាប់បាល់ឡើយនៅ Champions League និងមិនចាញ់សោះ ៩ប្រកួតជាប់គ្នាផងដែរនៅក្របខណ្ឌអឺរ៉ុបមួយនេះ។ អ្នកចាត់ការ Chelsea លោក Thomas Tuchel បានបង្ហាញអារម្មណ៍រីករាយ នៅពេលខ្សែការពារប្រេស៊ីល Thiago Silva រឹងប៉ឹង ១០០% ក៏ដូចជាការវិលមកវិញរបស់ខ្សែបំរើបារាំង N’Golo Kante ដែលជាពីរបួសសរសៃពួរ។
ដោយឡែកសំរាប់ក្រុមព័រទុយហ្កាល់ FC Porto ក៏មិនមានកីឡាកររបួសដែរមុនជួប Chelsea រាត្រីនេះ ខណៈគ្រូបង្វឹកលោក Sergio Conceicao នៅតែមិនអស់សង្ឃឹមឡើយទៅចាញ់ ២-០ ក៏ដោយ ដោយលើកពីជ័យជំនះលើ Juventus នៅវគ្គ ១៦ក្រុមចុងក្រោយជាទុនសំរាប់រាត្រីនេះ។ មុនជួបគ្នាយប់នេះ Porto បានយកឈ្នះ Tondela ២-០ នៅលីគព័រទុយហ្កាល់ ខណៈ Chelsea យកឈ្នះ Crystal Palace ៤-១៕
អត្ថបទ៖នាង សុភាវុធ