
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានផ្តល់អនុសាសន៍ឱ្យប្រទេសសមាជិកអេកម៉ិច និងCLMV គួរបង្កើនកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍ ទេសចរណ៍ជនបទ សហគមន៍ និងអេកូទេសចរណ៍ឲ្យក្លាយជា ឆ្អឹងខ្នងនៃការអភិវឌ្ឍ វិស័យទេសចរណ៍ប្រកបដោយភាពធន់ និងចីរភាព។
តាមរយៈសារលិខិតស្វាគមន៍របស់សម្តេចសម្រាប់ បើកកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិច (ACMECS) លើកទី៥ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៦ដែលប្រារព្ធនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី៣វិច្ឆិកានេះ ជាមួយនឹងបង្ហាញមោទនភាព ដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអន្តរជាតិធំៗ ជាច្រើន បន្ទាប់ពីការប្រកាសបើកប្រទេសឡើងវិញ ចាប់ពីចុងឆ្នាំ២០២១ មកសម្តេចក៏បានយកឱកាសចែករំលែកនូវការគិតគូរមួយចំនួន ដល់កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិក និង CLMV ថា៖គួរបង្កើនកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍផលិតផលថ្មីៗ ការបំពេញឲ្យគ្នា ទៅវិញទៅមក និងផ្ដល់នូវភាពសំបូរបែបដល់ទេសចរ ស្របតាមការប្រែប្រួលនិន្នាកាទេសចរណ៍ ក្រោយវិបត្តិកូវីដ-១៩។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងបរិបទឌីជីថលូបនីយកម្ម ប្រទេសអេកម៉ិក និង CLMV គួរជំរុញការផ្លាស់ប្ដូរបទពិសោធន៍ លើ ដំណើរការបរិវត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍ ក្នុងនោះគួរដកពិសោធន៍គ្នាទៅវិញ ទៅមក លើការអនុវត្តកម្មវិធីអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍ ការអភិវឌ្ឍជំនាញឌីជីថល ក៏ដូចជា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការបង្កើនផលិតភាព និងឧត្តមភាពប្រកួតប្រជែង។
អេកម៉ិក និងCLMV គួរគិតគូរជំរុញលំហូរទេសចរផ្ទៃក្នុងតំបន់អាម៉ិក (ACMECS-Intra Traveler) និង លំហូរទេសចរផ្ទៃក្នុងតំបន់ CLMV (CLMV-Intra Traveler) ដោយត្រូវគិតគូរ ផងដែរ លើការបង្កើនការតភ្ជាប់ផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក បន្ថែមទៀត ព្រមទាំងជំរុញ ទេសចរណ៍បើកបរដោយខ្លួនឯង (Self-Driving Tour)។ សម្រាប់ការទាក់ទាញទេសចរពី ប្រទេសទី៣ សម្តេចបានគាំទ្រឲ្យបន្តផ្សព្វផ្សាយក្រោមយុទ្ធនាការ "ប្រទេសប្រាំ គោលដៅទេសចរណ៍ តែមួយ” និង "ប្រទេសបួន គោលដៅទេសចរណ៍តែមួយ”។
ដើម្បីសម្របសម្រួលការអនុវត្តផែនការសកម្មភាពទេសចរណ៍អេកម៉ិក និង CLMV ដែលបាន ដាក់ចុះ សម្តេចក៏បានគាំទ្រនូវការគិតគូរបង្កើតឲ្យមានយន្តការស្ថាប័នទេសចរណ៍អេកម៉ិក និង CLMV ដែលអាចជាលេខាធិការដ្ឋាន ឬរចនាសម្ព័ន្ធណាមួយ ហើយកម្ពុជាមានសេចក្តីរីករាយក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ៕