ភ្នំពេញ ៖ ដោយសារតែព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈមិនថមថយ រដ្ឋបាលរាជធានីសម្រេចបន្តដាក់ចេញនូវវិធានការរដ្ឋបាល ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺ កូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រយៈពេល២សប្ដាហ៍ បន្ថែមទៀត។
រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្ដីសម្រេចបន្តដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺ កូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានថិរវេលាអនុវត្តរយៈពេល២សប្ដាហ៍ បន្ថែមទៀត គិតចាប់ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ។
សេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ត្រង់ប្រការ២ ត្រូវបានផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពអាជីវកម្មចំពោះតូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅតាមសណ្ឋាគារ ។ល។ ដែលទទួលអតិថិជនឱ្យចូលមកទទួលទានក្នុងបរិវេណអាជីវកម្មដ្ឋានរបស់ខ្លួន ប៉ុន្តែអាចប្រកបអាជីវកម្មលក់ដូរជាលក្ខណៈវេចខ្ចប់បាន។
ប្រការ៣ ត្រូវបានផ្អាកជាបណ្តោះអាសន្ននូវការប្រមូលផ្តុំ ឬការជួបជុំគ្នាទទួលទានអាហារ ភេសជ្ជៈ ឬ ទទួលទានគ្រឿងស្រវឹង នៅចន្លោះម៉ោង ២០ ដល់ម៉ោង ៥ព្រឹក លើកលែងតែចំពោះករណី ដូចជា ការជួបជុំក្នុងចំណោមសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋាន ឬ ទីសំណាក់ជាមួយគ្នា។ ការរៀបចំពិធីបុណ្យសព ដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។ ការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីយកវត្ថុសំណាកបុគ្គលដែលពាក់ព័ន្ធដោយផ្ទាល់ ឬ ប្រយោល ជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩ ឬដើម្បីយកអ្នកដែលផ្ទុកជំងឺកូវីដ-១៩ ក៏ដូចជា បុគ្គលិកសុខាភិបាល ដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត។ ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។ ការជួបជុំមនុស្សដែលមានភាពចាំបាច់ សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬក្នុងគោលបំណងផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។
ត្រង់ប្រការ៤ រដ្ឋបាលរាជធានីភ្នំពេញសម្រេចបន្តផ្អាកជាបណ្តោះអាសន្ននូវការធ្វើចរាចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅចន្លោះម៉ោង ២០ ដល់ម៉ោង ៥ព្រឹក លើកលែងតែចំពោះករណី ដូចជា ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ និងមូលហេតុចាំបាច់ក្នុងគ្រួសារ ដែលមានលិខិតបញ្ជាក់ ឬការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត។ ការធ្វើដំណើររបស់បុគ្គលិកក្រុមគ្រូពេទ្យទាំងផ្នែករដ្ឋ និងឯកជន មន្ត្រីរាជការ ក្រុមពន្លត់អគ្គិភ័យ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីបំពេញបេសកកម្មជូនស្ថាប័ន-អង្គភាព។ ការធ្វើចរាចរណ៍របស់រថយន្តកុងតឺនី រថយន្តដឹកទំនិញ រថយន្តបាញ់បេតុង រថយន្តសម្រាប់បម្រើឱ្យ ការដឹកជញ្ជូនទំនិញ ផ្គត់ផ្គង់ការដ្ឋានសំណង់ រថយន្តដឹកជញ្ជូនសំរាម-សំណល់រឹង និងសំណល់វេជ្ជសាស្ត្រ ការដឹកជញ្ជូនម្ហូបអាហារ របស់បុគ្គលិកបម្រើសេវាដឹកជញ្ជូន។ ការធ្វើដំណើររបស់បុគ្គលិក និងកម្មករ -កម្មការិនី ទៅទីកន្លែងបំពេញការងារនៅក្នុងសហគ្រាស គ្រឹះស្ថាន រោងចក្រ ឬទីតាំងអាជីវកម្ម ដែលអនុញ្ញាតឱ្យបើកដំណើរការជាធម្មតា និងការធ្វើដំណើរចាំបាច់ផ្សេងៗទៀត ដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
បុគ្គល ឬ នីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមខ្លឹមសារនៃប្រការ២ ប្រការ៣ និងប្រការ៤ ខាងលើ នឹងត្រូវទទួលទោសដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជាធរមាន។ នេះបើយោងតាមប្រការ៥ នៃសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា ការសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញនេះជាលើកទី២ហើយ ដោយលើកទី១គឺសម្រេចកាលពីថ្ងៃទី១ ដល់ថ្ងៃទី១៤ មេសា ប៉ុន្តែដោយមើលឃើញពីស្ថានភាពនៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមិនថមថយនោះ ទើបរដ្ឋបាលរាជធានីសម្រេចបន្តដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្តោះអាសន្ន រយៈពេល ២ សប្ដាហ៍បន្ថែមទៀត៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា