បាល់ទាត់៖ ក្រុមតាខៀវ Chelsea ដែលបានកក់កៅអីវគ្គ ១៦ក្រុមចុងក្រោយតាំងពីសប្តាហ៍មុននោះ បានបិទបញ្ចប់ការប្រកួតក្នុងពូល E នៅក្របខណ្ឌ UEFA Champions League ជាក្រុមលេខ១ ក្នុងពូលក្រោយយកឈ្នះក្រុមភ្ញៀវ Dinamo Zagreb ២-១ នៅ Stamford Bridge។

Dinamo Zagreb ដែលត្រូវការបីពិន្ទុដើម្បីឈរលេខ៣ មានឱកាសលេងនៅ Europa League នោះបានបើកការនាំមុខមុននៅនាទីទី៧ ដោយ Petkovic។ នៅក្នុងវគ្គទី១ ដដែល Chelsea ក៏បានវាយបកពីក្រោយពីរគ្រាប់នៅនាទីទី១៨ ដោយ Raheem Sterling និងនាទីទី៣០ ដោយ Denis Zakaria។ លទ្ធផលនេះបានរក្សាដល់ចប់ ៩០នាទីមានន័យថា Chelsea បិទបញ្ចប់ការប្រកួតក្នុងពូល E ជាក្រុមលេខ ១ នៅពីលើ AC Milan ៣ពិន្ទុ។ ក្រុមជើងឯកអ៊ីតាលី AC Milan ត្រូវរង់ចាំការប្រកួតចុងក្រោយនេះដើម្បីសម្រេចថា ឡើងជុំបន្តរឺអត់ ខណៈក្រុមភ្ញៀវ Red Bull Salzburg ក៏ត្រូវការឈ្នះដើម្បីឡើងវគ្គ ១៦ក្រុមចុងក្រោយផងដែរ។
យ៉ាងណាក្តី AC Milan មិនភ្លាត់ឱ្យបរាជ័យក្នុងដីឡើយដោយបានបំបាក់ក្រុមភ្ញៀវ Salzburg ៤-០ ខណៈខ្សែប្រយុទ្ធវ័យចំណាស់បារាំង Olivier Giroud រកបានពីរគ្រាប់ម្នាក់ឯង។ ក្នុងវ័យ ៣៦ឆ្នាំ ៣៣ថ្ងៃ Olivier Giroud បានក្លាយជាកីឡាករដែលមានវ័យចំណាស់បំផុតដែលរកបាន ២គ្រាប់ក្នុងមួយប្រកួតនៅ UCL តាំងពី Filippo Inzaghi ធ្វើបានបែបនេះកាលពីខែវិច្ឆិកា ឆ្នាំ២០១០ ពេលជួប Real Madrid៕
អត្ថបទ៖នាង សុភាវុធ