បាល់ទាត់៖ ក្រុមការពារតំណែងជើងឯក Real Madrid បានបំបាក់ក្រុមភ្ញៀវស្កុតឡេន Glasgow Celtic ៥-១ ដើម្បីធានាបានតំណែងលេខ១ ក្នុងពូល F ឡើងវគ្គ ១៦ក្រុមចុងក្រោយ។

លេងបានត្រឹម ២១នាទី Celtic របូតពីរគ្រាប់បាត់ទៅហើយដោយបាល់ពិន័យ ១១ម៉ែត្រធ្វើបានដោយ Luka Modric និង Rodrygo ខណៈវគ្គទី២ Marco Asensio, Vinicius Junior និង Federico Valverde រកបានម្នាក់មួយគ្រាប់បន្ថែមទៀត មុនពេលដែល Celtic តបបានមួយគ្រាប់ដោយ Neves Filipe។ តាមរយៈជ័យជំនះក្រុមរបស់លោក Carlo Ancelotti បានឈ្នះរាល់ការប្រកួតក្នុងផ្ទះនៅក្នុងពូលជាលើកដំបូងរាប់ពីរដូវកាល ២០១៥-១៦ និងជាបីរដូវកាលជាប់គ្នាផងដែរដែល Real Madrid បញ្ចប់ការប្រកួតវិលក្នុងពូលជាក្រុមលេខ១។
ស្ថិតក្នុងវ័យ ៣៧ឆ្នាំ ៥៤ថ្ងៃ Luka Modric បានក្លាយជាកីឡាករវ័យចំណាស់បំផុតដែលស៊ុតបញ្ចូលទីនៅ UEFA Champions League រាប់ពីឆ្នាំ២០១៤ ដែលធ្វើបានដោយ Francesco Totti ស៊ុតបញ្ចូលទីឱ្យ Roma លើ CSKA Moscow ក្នុងវ័យ ៣៨ឆ្នាំ ៥៩ថ្ងៃ។ ដោយឡែកសម្រាប់ក្រុមលេខ២ នៅក្នុងពូល F នេះគឺក្រុមអាល្លឺម៉ង់ RB Leipzig ដែលបានយកឈ្នះនៅទឹកដី Shakhtar Donetsk ៤-០ ខណៈក្រុមអ៊ុយក្រែនបញ្ចប់លេខ៣ ក្នុងពូលនៅសល់កៅអី Europa League៕
អត្ថបទ៖នាង សុភាវុធ