ភ្នំពេញ៖ គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា បានបើកកិច្ចប្រជុំពិនិត្យលើសំណើនៃសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣ និងសេចក្តីព្រាងច្បាប់ទូទាត់ថវិកាឆ្នាំ២០២១ ព្រមទាំងពិធីសារទាក់ទងវិស័យអាកាសចរស៊ីវិល។
នៅថ្ងៃទី៣ ខែ វិច្ឆិកា ឆ្នាំ២០២២ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ដើម្បីពិភាក្សា និងពិនិត្យលើសំណើរបស់រាជរដ្ឋាភិបាលជុំវិញថវិកាជាតិឆ្នាំ២០២៣។
កិច្ចប្រជុំនេះ បានសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ជូនគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និងសេចក្តីព្រាងច្បាប់ ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ជូនគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ដើម្បីពិនិត្យ និងសិក្សា។
ទន្ទឹមគ្នានេះ កិច្ចប្រជុំក៏បានសម្រេចលើពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មអនុសញ្ញាស្ដីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិដោយបន្ថែមមាត្រា៣ស្ទួន ៤.២- ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥០(ក) នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ ។
បន្ថែមពីលើនេះ អង្គប្រជុំ ក៏បានសម្រេចលើពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥៦ នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិល អន្តរជាតិ ដោយប្រគល់ជូនគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ពិនិត្យសិក្សាបន្ថែម៕
អត្ថបទ សេក ឧត្តម