ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ២ ខែវិច្ឆកានេះ ការអនុវត្តចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន របស់រាជរដ្ឋាភិបាល បានអនុម័តការចុះបញ្ជីជាផ្លូវការ មានចំនួនជាង ១៩ ពាន់ក្រុមហ៊ុន និងមាននាមករណ៍បម្រុងទុកជាច្រើនក្រុមហ៊ុនទៀត ដែលគ្រោងអនុម័តជាបន្តបន្ទាប់។
បើគិតជាមធ្យមការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ មានចំនួនប្រមាណជា ៨ ក្រុមហ៊ុនក្នុងមួយថ្ងៃៗ។ ក្រៅពីការអនុម័តជាផ្លូវ ក្នុងនោះមានក្រុមហ៊ុនបម្រុងទុកប្រមាណជាង ១២ ពាន់ក្រុមហ៊ុនផ្សេងទៀត នឹងធ្វើការអនុម័តជាបន្តបន្ទាប់ ។
តាមការបង្ហាញរបស់ក្រុមការងារនៃការចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន កាលពីខែ មិថុនា ឆ្នាំ២០២២ ក្រុមហ៊ុនដែលបានចុះបញ្ជីរួច ប្រមាណ ១៤ ពាន់ក្រុមហ៊ុន គឺមានដើមទុនវិនិយោគសរុបចំនួនជិត ២០ ពាន់ប៊ីលានរៀល ត្រូវប្រមាណជាង ៤ ៦៧០ លានដុល្លារអាមេរិក។
សូមបញ្ជាក់ថា ការរៀបចំប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺមាន ២ ដំណាក់កាល ក្នុងនោះសម្រាប់ដំណាក់កាលទី ១ បានដាក់ឱ្យដំណើរការជាផ្លូវការរួមមាន៖ ក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងមហាផ្ទៃ, និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ចំណែកដំណាក់កាលទី ២ បានដាក់ឱ្យដំណើរការនៅថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ២០២១ ផ្តោតលើការផ្តល់អាជ្ញាបណ្ណជំនាញពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករអាជីវកម្មអចលនទ្រព្យ និងបញ្ចាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ៕អត្ថបទ៖ សុន រ៉ាឌី