កណ្តាល៖ នៅថ្ងៃទី៣ ខែវិច្ឆិកានេះ មន្ត្រីជំនាញកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល និងអ្នកជំនាញក្រុមហ៊ុនកសិកម្មឯកជន បានសហការប្រារព្ធ «ទិវាស្រែ»បង្ហាញពីការប្រៀបធៀបទិន្នន័យ និងប្រសិទ្ធភាពសេដ្ឋកិច្ចរវាងពូជស្រូវផ្សេងៗគ្នាតាមរយៈការធ្វើស្រែបង្ហាញស្រូវសន្ទូង និងស្រូវពង្រោះដោយប្រើជីធម្មជាតិ និងជីគីមី។
លោក ប៊ុន ទួនស៊ីម៉ូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល ថ្លែងថា នៅក្នុង«ទិវាស្រែ»បង្ហាញនៅក្នុងភូមិស្រែអំពិល ស្រុកកៀនស្វាយ គឺយើងបង្ហាញពូជស្រូវបីប្រភេទ រួមមាន៖ ពូជស្រូវសែនក្រអូប ពូជស្រូវជប៉ុន Japan nika និងពូជស្រូវOMហាបួនហាមួយ និង បង្ហាញជីធម្មជាតិច្រើនប្រភេទទៀត។
សម្រាប់ពូជស្រូវមានគុណភាពជម្រុញកសិកប្រើប្រាស់នោះ គឺក្រុមហ៊ុន ហ៊ានប្រមូលទិញក្នុង១មួយគីឡូក្រាម តំលៃពី ៨០០ទៅ ១៥០០រៀល។
បើតាមបណ្តាតំណាងក្រុមហ៊ុនកសិកម្ម ជម្រុញការផលិតពូជស្រូវក្នុងស្រុក បានថ្លែងថា ការផលិតពូជស្រូវមានគុណភាពខ្ពស់សុទ្ធ ជាក់ស្តែងណាស់គឺទាមទារ ការប្រើប្រាស់គ្រឿងយន្តកសិកម្ម ដើម្បីផលិត និងបន្សុទ្ធវាឲ្យបានល្អ ទើបធ្វើឲ្យផលស្រូវប្រមូលបានច្រើន។
សូមបញ្ជាក់ថា ពូជស្រូវអង្ករសែនក្រអូប និងពូជស្រូវជប៉ុន ដាំដុះដោយប្រើជីធម្មជាតិ ដែលគេធ្វើការបង្ហាញ គឺមួយហិចតា អាចប្រមូលផលបានជាង ៥តោន ដោយឡែក ពូជស្រូវហាបួនហាមួយ គឺ១ហិកតាប្រមូលផលបានជិត៨តោន៕អត្ថបទ៖ ស៊ុម សុខជា