ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នឹងបញ្ជូនមន្ត្រីជំនាញបច្ចេកទេស ទៅបំពេញបេសកកម្មជួយហ្វឹកហ្វឺនមន្ត្រីជំនាញសកម្មភាពមីន នៅប្រទេសអ៊ុយក្រែន ក្រោមការគាំទ្រគម្រោងជំនួយរបស់ប្រទេសជប៉ុន ។
យោងតាមលិខិតទីស្ដីការគណៈរដ្ឋមន្ត្រី ផ្ញើជូនអង្គភាពស៊ីម៉ាក់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ដែល BTV ទទួលបាននៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឲ្យដឹងថា រាជរដ្ឋាភិបាលយល់ព្រមបញ្ជូនមន្ត្រីជំនាញបច្ចេកទេសស៊ីម៉ាក់ ចំនួន៣រូប ទៅជួយហ្វឹកហ្វឺន ហើយកម្លាំងស៊ីម៉ាក់ ត្រូវសហការឲ្យបានល្អជាមួយមិត្តជប៉ុន ដើម្បីជួយដល់អ៊ុយក្រែន បំផ្លាញចោលគ្រាប់មីន ។
អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ឯកឧត្ដម ហេង រតនា បានឱ្យដឹងថា ក្រោយពីបានទទួលគោលការណ៍ដ៏ខ្ពង់ខ្ពស់បំផុត ពីសម្តេចអគ្គមហាសេនាបតីតេជោ ប្រមុខរាជរដ្ឋាភិបាលរួចមក អង្គភាពស៊ីម៉ាក់បានសហការយ៉ាងជិតសិ្នទ្ធជាមួយមិត្តជប៉ុន ក្នុងការបញ្ជូនក្រុមគ្រូជំនាញបច្ចេកទេសបោសសំអាតគ្រាប់មីន ដើម្បីជួយផ្តល់ការហ្វឹកហ្វឺនជូនអ្នកដោះមីនអ៊ុយក្រែន ។
សូមបញ្ជាក់ថា ក្រោយមានគោលការណ៍នេះអង្គភាពស៊ីម៉ាក់ និងភាគីជប៉ុន បានពិភាក្សាគ្នាយ៉ាងមមាញឹកបំផុត ។ ជាផែនការក្រុមដំបូងអាចចេញដំណើរនៅដើមខែធ្នូ ឆ្នាំ២០២២ និងក្រុមទី២ អាចបំពេញបេសកកម្មនេះ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីលទ្ធផលជំនួបរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ូឡូឌីមៀ ហ្ស៊ែឡិនស្គី កាលពីថ្ងៃទី១ ខែវិច្ឆិកា បានឲ្យដឹងថា ដោយមានកិច្ចសហប្រតិបត្តិការពីប្រទេសជប៉ុន កម្ពុជាបានត្រៀមខ្លួនជាស្រេច ក្នុងការបញ្ជូនអ្នកដោះមីនរបស់កម្ពុជា ទៅជួយបណ្ដុះបណ្ដាលដល់អ្នកដោះមីន របស់អ៊ុយក្រែន តាមពេលវេលាសមស្រប ៕ អត្ថបទ បាន សុខរិទ្ធិ





