បាល់ទាត់៖ ខ្សែប្រយុទ្ធក្លិប Tottenham Hotspur, Heung-min Son ប្រឈមអវត្តមានពីក្រុមជម្រើសជាតិកូរ៉េនៅ World Cup 2022 កាតាដោយសាររបួស។ កីឡាករវ័យ ៣០ឆ្នាំរូបនេះបានរងរបួសក្បែររង្វង់ភ្នែក អំឡុងការប្រកួតដែល Spurs ឈ្នះនៅទឹកដី Marseille កាលពីយប់ថ្ងៃអង្គារ។

សេចក្តីប្រកាសរបស់ Spurs បានបញ្ជាក់ថា Son បានបែកឆ្អឹងក្បែររង្វង់ភ្នែកខាងឆ្វេងដែលទាមទាឱ្យមានការវះកាត់ ហើយក៏មិនទាន់អាចនិយាយបានដែរថា ក្រោយការវះកាត់នឹងត្រូវសម្រាករយៈពេលប៉ុន្មាននៅឡើយ។ ស្រដៀងគ្នានេះកាលពីឆ្នាំ២០២១ ខ្សែបម្រើ Manchester City, Kevin de Bruyne បានរងរបួសដល់បែកច្រមុះ និងឆ្អែងក្បែររង្វង់ភ្នែកដូច Son ដែរ តែអាចបង្ហាញខ្លួនឱ្យប៊ែលហ្ស៊ិកបាននៅ Euro។ Son គឺជាសមាជិកសំខាន់ម្នាក់របស់ក្រុមជម្រើសជាតិកូរ៉េ ដោយធ្លាប់បង្ហាញខ្លួនសរុប ១០៤លើកស៊ុតបញ្ចូលទីបាន ៣៥គ្រាប់។ កូរ៉េស្ថិតក្នុងពូល H នៅ World Cup 2022 ទឹកដីកាតាដោយនឹងត្រូវជួបអ៊ុយរូហ្កាយនៅថ្ងៃទី២៤ ខែវិច្ឆិកានេះ មុនបន្តជួបព័រទុយហ្កាល់ និងហ្កាណា៕
អត្ថបទ៖នាង សុភាវុធ