ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅថ្ងៃទី ៣ខែវិច្ឆិកានេះ បានរៀបចំវេទិកាសាធារណៈដោយជួបជាមួយប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ ដោយផ្ទាល់ដើម្បីទទួលនូវបញ្ហា និងសកវែងរកដំណោះស្រាយជូន។
វេទិកាសាធារណៈនេះរៀបចំឡើងដោយមានវត្តមានប្រជាពលរដ្ឋ មន្រ្តីថ្នាក់មូលដ្ឋាន រួមទាំងសង្គមស៊ីវិល ដើម្បីបើកឱកាសអោយប្រជាពលរដ្ឋលើកឡើងនូវបញ្ហា ផលវិបាក ដែលកំពុងជួបប្រទះ ដើម្បីស្វែងរកនូវដំណោះស្រាយជូនពួកគាត់វិញ។
ក្នុងវេទិកាសាធារណៈនេះ គឺផ្តោតលើចំណុចសំខាន់ចំនួន ៤ រួមមាន បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ បញ្ហាបរិស្ថាន បញ្ហាការអភិវឌ្ឍ និងបញ្ហាសេវាសាធារណៈ។
តាមរយៈវេទិកានេះ ប្រជាពលរដ្ឋភាគច្រើនលើកឡើងជាការស្នើសុំអោយមានការសាងសង់ជួសជុលផ្លូវប្រព័ន្ធលូ ខណៈមានពលរដ្ឋខ្លះស្នើសុំអោយមានការរៀបចំសណ្ដាប់ធ្នាប់តាមផ្លូវ និងបញ្ហាជនអនាថា ក្នុងមូលដ្ឋានរស់នៅរបស់ខ្លួន។
ជាការឆ្លើយតបទៅនឹងការស្នើសុំទាំងនេះ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ បានបញ្ជាក់ប្រាប់ពលរដ្ឋថា ការស្ថាបនាសាងសង់ផ្លូវ និងការជួសជុលប្រព័ន្ធលូ គឺនឹងធ្វើទាំងអស់ គ្រាន់តែចំណុចខ្លះអាចធ្វើមុននិងចំណុចខ្លះត្រូវធ្វើក្រោយ។
ក្នុងឱកាសវិទិកានេះ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានឆ្លើយតបដែរថា ក្រុមការងារគឺនឹងសិក្សា និងរៀបចំការផ្តល់ជូនទៅតាមសំណូមពរតាមលទ្ធភាពជាក់ស្ដែង។
ចំពោះប្រជាពលរដ្ឋដែលបានចូលរួមក្នុងវេទិកានេះ គឺសុទ្ធតែពេញចិត្ត។ ភាពពេញចិត្តដោយសារ ពួកគេអាចលើកឡើងនូវបញ្ហា ក្ដីកង្វល់ ជូនថ្នាក់ដឹកនាំដោយផ្ទាល់ ដើម្បីស្វែងរកដំណោះស្រាយជូនពួកគាត់៕ អត្ថបទ៖ គឹមហុក