អាមេរិក៖ ដោយសល់ត្រឹមតែប៉ុន្មានថ្ងៃមុនបិទការស្ទង់មតិ នៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិដ៏សំខាន់ លោកប្រធានាធិបតី Joe Biden បានព្រមានលទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក កំពុងប្រឈមហានិភ័យពីការភូតកុហក និងអំពើហិង្សា។
លោកប្រធានាធិបតី Joe Biden បាននិយាយកាលពីថ្ងៃពុធថា ការគំរាមកំហែងទាំងឡាយបង្កឡើងដោយបេក្ខជនមកពីគណបក្សសាធារណរដ្ឋមួយចំនួន ដែលមិនចង់ទទួលយកលទ្ធផលបោះឆ្នោតនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ ប្រសិនបើពួកគេបរាជ័យនោះគឺជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ ហើយលោកបានស្ដីបន្ទោសអតីតប្រធានាធិបតី Donald Trump ចំពោះការបំផុសគំនិតដល់ពួកគេ។
លោក Biden បាននិយាយនៅក្នុងសុន្ទរកថាមួយ ខណៈប្រជាពលរដ្ឋអាមេរិកបោះឆ្នោតដែលនឹងសម្រេចចិត្តថា ឲ្យគណបក្សប្រជាធិបតេយ្យ ឬគណបក្សសាធារណរដ្ឋគ្រប់គ្រងព្រឹទ្ធសភា និងរដ្ឋសភាអាមេរិក។ អាសនៈសរុបទាំងអស់ ៤៣៥រូបនៅក្នុងសភា ដែលគេដាក់ឲ្យដណ្ដើមនៅក្នុងការប្រកួតប្រជែងការបោះឆ្នោតថ្មី រួមជាមួយប្រហែល ១ភាគ៣ នៃអាសនៈព្រឹទ្ធសភា៕
អត្ថបទ៖ សុខមាន