បន្ទាយមានជ័យ៖ កាលពីថ្ងៃទី០២ ខែវិច្ឆិកាម្សិលមិញ មានការផ្ទុះការតវ៉ាមួយ នៅមុខកុងស៊ុលកម្ពុជា ប្រចាំស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ បន្ទាប់ពីមន្ត្រីអន្តោប្រវេសន៍ថៃ បានធ្វើការរឹតបន្តឹងចំពោះការចេញចូលរបស់សិស្សាសាលាខ្មែរ ឆ្លងដែន តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
អាជីវករខ្មែរ ក្នុងផ្សាររោងក្លឿប្រទេសថៃ បាននាំគ្នាធ្វើការតវ៉ាទៅមុខកុងស៊ុលកម្ពុជា ប្រចាំស្រុក អារញ្ញ ឱ្យជួយសម្របសម្រួលចំពោះការរឹតបន្តឹងរបស់អាជ្ញាធរថៃ លើការចេញចូលរបស់សិស្សានុសិស្ស ឆ្លងដែនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយតម្រូវឱ្យមានអាណាព្យាបាលជូនចេញ ។
ពាក់ព័ន្ធនឹងបញ្ហានេះ ឧត្តមសេនីយន៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ច្រកទ្វារព្រំ ដែនអន្តរជាតិប៉ោយប៉ែត បានបញ្ជាក់ថា អាជ្ញាធរថៃ ពិតជាបានរឹតបន្តឹងលើការចេញចូលរបស់សិស្សសាលាមែន ដោយភាគីថៃ តម្រូវឱ្យអាណាព្យាបាលសិស្ស ដែលត្រូវចេញទៅរៀននៅខាងដីខ្មែរ ត្រូវជូនកូនឆ្លង ច្រកចៀសវាងមានបញ្ហាអ្វីកើតឡើងលើក្មេង ហើយចោទលើសមត្ថកិច្ច ។
ឧត្តមសេនីយន៍ត្រី បានឲ្យដឹងទៀតថា ក្នុងមួយថ្ងៃៗ មានសិស្សសាលាខ្មែរ និងថៃ អាយុចាប់ពី៦ឆ្នាំ ឡើង ដែលជាកូនអាជីវករខ្មែរ លក់ដូរនៅផ្សាររោក្លឿ និងកូនពលរដ្ឋខ្មែរ នៅក្រុងប៉ោយប៉ែត ចេញចូលទៅរៀននៅសាលាក្នុងទឹកដីថៃ និងខ្មែរ ចំនួនជាង៣០០នាក់ ក្នុងនោះកូនសិស្ស ដែលចេញពីថៃ មករៀននៅ សាលារដ្ឋ និងឯកជន នៅក្រុងប៉ោយប៉ែត មានពី២៧០នាក់ ទៅ៣០០នាក់។ សិស្សទាំងអស់នោះ ចេញ ចូល ត្រូវបានខាងលោកធ្វើការសម្របសម្រួលជាមួយនគរបាលអន្តោប្រវេសន៍ថៃ បង្កលក្ខណៈងាយស្រួល ក្នុងការឆ្លងដែនចេញចូល ដើម្បីទៅរៀនទាន់ពេល ។សម្រាប់ឯកសារ ដែលសិស្សានុសិស្សត្រូវប្រើកន្លងមក គឺមានប័ណ្ណព្រំដែន និងកាតសាលា ភ្ជាប់ជាមួយកាតចាក់វ៉ាក់សាំង។
ដើម្បីសម្រួលដល់ការចេញចូលរបស់សិស្សានុសិស្សឆ្លងព្រំដែន នគរបាលប៉ុស្តិ៍អន្តោប្រវេសន៍ទាំង ពីរ គឺកម្ពុជា ថៃ បានជួបប្រជុំគ្នារកដំណោះស្រាយ ដោយការធ្វើកាតថ្មីជូនសិស្ស បិទលើប័ណ្ណព្រំដែន ដែលកាតនេះ តម្រូវក្នុងមួយសប្តាហ៍ ត្រូវប្រថាប់ត្រាម្តង ៕អត្ថបទ៖ ឃិន សារិទ្ធ







