វាយកូនបាល់៖ កីឡាករវាយកូនបាល់ក្រិក Stefanos Tsitsipas បានបន្តដំណើរឡើងជុំទី៣ ហើយនៃព្រឹត្តិការណ៍ Paris Masters ក្រោយយកឈ្នះកីឡាករអង់គ្លេស Dan Evans។ កីឡាករលំដាប់លេខ៥ Tsitsipas បានយកឈ្នះដោយលទ្ធផល ២សិតផ្ទួនៗ ៦-៤ និង ៦-៣ ដែលជាជ័យជំនះលើកទី៤ ក្នុងជំនួបទល់នឹង Dan Evans។

កីឡាករក្រិក Tsitsipas ដែលធ្លាប់ឡើងដល់វគ្គផ្តាច់ព្រ័ត្រ Paris Masters នេះពីរលើកក្នុងការបង្ហាញខ្លួន ៣លើកចុងក្រោយ នឹងបន្តជួបជាមួយកីឡាករអង់គ្លេស Cameron Norrie រឺកីឡាករបារាំង Corentin Moutet នៅជុំទី៣។ ងាកមកកីឡាករលំដាប់លេខ៣ ពិភពលោកសញ្ជាតិរុស្ស៊ី Daniil Medvedev បានធ្លាក់ពីការប្រកួតត្រឹមជុំទី២ ក្រោយរងបរាជ័យក្រោមស្នាដៃកីឡាករអូស្ត្រាលី Alex de Minaur។
កីឡាករអូស្ត្រាលីលំដាប់លេខ ២៥ ពិភពលោក Alex de Minaur បានយកឈ្នះដោយលទ្ធផល ២សិតទល់នឹង ១ ពិន្ទុ ៦-៤ ២-៦ និង ៧-៥ ខណៈដែលកីឡាកររុស្ស៊ី Daniil Medvedev មួរម៉ៅដល់បោករ៉ាកែត ក្រោយធ្វើឱ្យមានកំហុសម្តងហើយម្តងទៀត។ សូមបញ្ជាក់ថា នេះជាជ័យជំនះដំបូងប៉ុណ្ណោះសម្រាប់ Alex de Minaur ក្នុងជំនួប ១៩លើកចុងក្រោយទល់នឹងកីឡាករដែលមានលំដាប់ថ្នាក់ពិភពលោក Top5៕
អត្ថបទ៖នាង សុភាវុធ