ភ្នំពេញ៖អ្នកដឹកនាំកិច្ចការអភិរក្សកម្ពុជាចំនួន៦នាក់ ត្រូវបានទទួលស្គាល់ជា «បុគ្គលឆ្នើមអភិរក្សទន្លេមេគង្គ» ដើម្បីធ្វើសកម្មភាពថែទាំបរិស្ថាន រាប់បញ្ចូលទាំងការអភិរក្សប្រភេទសត្វកំពុងរងគ្រោះថ្នាក់ ដូចជាផ្សោតទន្លេមេគង្គ ត្រីរាជ កន្ធាយក្បាលកង្កែប និងសកម្មភាពអប់រំផ្សព្វផ្សាយដល់សហគមន៍ក្នុងមូលដ្ឋានពីកិច្ចការពារធនធានដែលមានសារៈសំខាន់សម្រាប់ប្រជាជនកម្ពុជាទាំងមូល មានជាអាទិ៍ ព្រៃឈើ និងមច្ឆជាតិ។
កម្មវិធីផ្តល់ពានរង្វាន់ដល់បុគ្គលឆ្នើម បានប្រារព្ធធ្វើឡើងនៅរសៀថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ កម្មវិធីបុគ្គលឆ្នើមអភិរក្សទន្លេមេគង្គបានផ្តួចផ្តើមឡើងដោយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ក្រោមជំនួយថវិកាពីទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ដើម្បីបង្ហាញបុគ្គលគម្រូក្នុងតំបន់ទន្លេមេគង្គ ដែលធ្វើការសិក្សាស្រាវជ្រាវ ការពារ ឬលើកកម្ពស់ចំណេះដឹងអំពីប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ ជម្រក និងមរតកវប្បធម៌នៅទន្លេមេគង្គដ៏អស្ចារ្យនេះ៕ អត្ថបទ ៖ បូរ៉ាវី