ភ្នំពេញ ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលឈានចូលមកដល់នៅថ្ងៃទី១៤ខែមេសាស្អែកនេះ ការលក់ដូរនៅផ្សារធំថ្មី មិនសូវដាច់ដូចបណ្តាឆ្នាំមុនៗ មិនទាន់កើតជំងឺកូវីដ-១៩នោះទេ បើទោះបីបច្ចុប្បន្នមានផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញត្រូវបានបិទ។
មានប្រសាសន៍ប្រាប់BTV នៅថ្ងៃទី១៣ខែមេសានេះ អាជីវករលក់ដូរនៅផ្សារធំថ្មី បានឲ្យដឹងថា ជិតចូលឆ្នាំថ្មីប្រពៃណីជាតិ ការលក់ដូរមិនសូវដាច់ដូចឆ្នាំមុនៗ មិនទាន់កើតជំងឺកូវីដនោះទេ បើទោះបីបច្ចុប្បន្នមានផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញត្រូវបានបិទក៏ដោយ។លើសពីនេះ ពួកគាត់ បញ្ជាក់ថា ទំនិញដាក់លក់នៅពេលនេះ រក្សាតម្លៃដដែលមិនឡើងថ្លៃនោះទេ។
កន្លងទៅថ្មីៗនេះ អភិបាលរាជធានីភ្នំពេញ បានសម្រេចបិទផ្សារមួយចំនួនដែលបានរកឃើញអ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានជំងឺកូវីដ-១៩ ក្នុងបំណងទប់ស្កាត់កុំអោយមានការរីករាលដាលកាន់តែខ្លាំង។ ផ្សារទាំងនោះ រួមមាន ៖ ផ្សារអូរឫស្សីបិទជាបណ្តោះអាសន្នពីថ្ងៃទី៤ រហូតដល់ថ្ងៃទី១៧ ខែមេសា ដោយអាជីវករក្នុងផ្សារត្រូវធ្វើចត្តាឡីស័ក និងត្រូវធ្វើតេស្តរកជំងឺកូវីដ-១៩ និងផ្សារចាស់មួយកន្លែងទៀតត្រូវបិទជាបណ្តោះអាសន្នចាប់ពីថ្ងៃទី១២ ខែមេសាទៅ រហូតមានការសម្រេចជាថ្មី។ សម្រាប់ពិធីបុណ្យចូលខ្មែរ ប្រពៃណីជាតិ នៅឆ្នាំ២០២១នេះ នឹងចាប់ផ្តើមពីថ្ងៃទី១៤ រហូតថ្ងៃទី១៦ ខែមេសា ក្នុងបរិបទជំងឺកូវីដ-១៩ ការស្នាក់នៅផ្ទះជាកន្លែងសុវត្ថិភាពបំផុត៕
អត្ថបទ ៖ ទូច សោភ័ណ