កំពង់ចាម ៖ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប នៃក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣ ខែវិ ច្ឆិកាបានឱ្យដឹងថា ឯកឧត្ដមបានដឹកនាំក្រុមការងារនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ចុះអន្តរា គមន៍ជាបន្ទាន់ លើការទប់ស្កាត់ការបាក់ច្រាំងទន្លេមេគង្គប្រវែង ៦០ម៉ែត្រ មានទីតាំងស្ថិតនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ឯកឧត្ដមបន្តថា បើគិតតាំងពីថ្ងៃទី២៥ ខែតុលា មកដល់ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គឺបានបញ្ចប់រួចរាល់ហើយ។
ឯកឧត្ដមបញ្ជាក់បន្ថែមថា កិច្ចអន្តរាគមន៍បន្ទាន់នេះគឺបានរៀបបាវខ្សាច់ Geotextile Bags ទប់ច្រាំងទន្លេនៅផ្នែកខាងក្រោម និងផ្នែកខាងលើ ដើម្បីការពារកុំឱ្យបាក់បន្តទៀត។ នៅពេលខាងមុខ ជាពេលទឹកស្រក ក្រុមការងារនឹងរៀបចំបាវខ្សាច់នៅគន្លាក់ខាងក្រោមច្រាំងទន្លេបន្ថែមទៀត ដើម្បីពង្រឹងច្រាំងឱ្យកាន់តែរឹងមាំ។
