
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២នេះ បានថ្លែងបញ្ជាក់ថា នាឡិកាដៃសម្រាប់ជាវត្ថុអនុស្សាវរីយ៍ជូនប្រធានគណៈប្រតិភូ ដែលមកចូលរួមកិច្ចប្រជុំអាស៊ាននាពេលខាងមុខនេះ គឺបានរៀបចំផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរសុទ្ធសាធ ខណៈការធ្វើឡើងនេះគឺជាផ្នែកមួយនៃការរីកចំរើនខាងវិទ្យាសាស្រ្ត និងបច្ចេកទេសរបស់កូនខ្មែរ។
តាមរយៈតេលេក្រាម នាយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា« មុននេះខ្ញុំបាននិយាយថា កម្ពុជាបានផលិតនាឡិកាដៃចំនួន ២៥គ្រឿង សម្រាប់ជាវត្ថុអនុស្សាវរីយ៍ជូនប្រធានគណៈប្រតិភូដែលអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ២០២២។នាឡិកានេះត្រូវបានរៀបចំផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរសុទ្ធសាធដែលជាផ្នែក មួយនៃការរីកចំរើនខាងវិទ្យាសាស្រ្ត និងបច្ចេកទេសរបស់កម្ពុជា(ខ្មែរធ្វើបាន)។ ជូនភ្ជាប់រូបភាពនាឡិកាដើម្បីស្គាល់ជាមុន៕








