ស៊ីហ្គេម៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានឲ្យដឹងថា គណៈកម្មការអ្នកស្ម័គ្រចិត្តនឹងរៀបចំទទួលការចុះឈ្មោះអ្នកស្ម័គ្រចិត្ត សម្រាប់បម្រើដល់ការងារស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ក្រោយព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលឆាប់ៗខាងមុខ។
ការគូសបញ្ជាក់នេះ បន្ទាប់ពីគណៈកម្មាធិការជាតិ CAMSOC បានកោះប្រជុំជាមួយគណៈកម្មការជំនាញ និងស្ថាប័នពាក់ព័ន្ធ រួមមានគណៈកម្មការអ្នកស្ម័គ្រចិត្ត គណៈកម្មការហ្គេមព័ត៌មានវិទ្យា និងក្រុមហ៊ុនដៃគូ Pathmazing ដើម្បីពន្លឿនការរៀបចំប្រព័ន្ធចុះឈ្មោះតាមអនឡាញ ហើយត្រូវចាប់ផ្ដើមដំណើរការទទួលការចុះឈ្មោះក្រោយពិធីបុណ្យជាតិគឺបុណ្យអុំទូកនាពេលខាងមុខ ដើម្បីឲ្យទាន់ពេលវេលាសម្រាប់រៀបចំអ្នកស្ម័គ្រចិត្តបម្រើការងារនៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។ គួរដឹងថា សម្រាប់ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ គណៈកម្មាធិការជាតិ CAMSOC ត្រូវការកម្លាំងអ្នកស្ម័គ្រចិត្តខ្ទង់ម៉ឺននាក់ ដើម្បីសម្របសម្រួលដល់ការងារមួយចំនួន ក្នុងការដឹកនាំ បង្ហាញផ្លូវដល់ប្រតិភូ និងអត្តពលិកប្រមាណ ៧ពាន់នាក់ដែលនឹងមកធ្វើការប្រកួតនៅកម្ពុជា។
ចំពោះស៊ីហ្គេមលើកទី៣២ មកទល់ពេលនេះនៅសល់រយៈពេលតែ ១៨២ថ្ងៃទៀតប៉ុណ្ណោះ បើគិតពីពេលនេះរហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃប្រារព្ធពិធីបើកការប្រកួតផ្លូវការ និងបិទនៅថ្ងៃទី១៧ ខែឧសភាដដែល ។ រីឯការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១២ គ្រោងធ្វើឡើងពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ៕
អត្ថបទ៖ លី ឈុនឡា