បាល់ទាត់៖ កីឡាករយុវជនរបស់ក្រុមបិសាចក្រហម Manchester United, Alejandro Garnacho បានស៊ុតបញ្ចូលទីគ្រាប់ជ័យជំនះតែមួយគ្រាប់គត់ឱ្យ Manchester United យកឈ្នះនៅទឹកដីអេស្ប៉ាញរបស់ Real Sociedad ១-០ តែនៅតែបញ្ចប់លេខ២ ក្នុងពូល។

ក្រុមរបស់លោក Erik ten Hag ត្រូវការឈ្នះនៅទឹកដីអេស្ប៉ាញលើសពី ២គ្រាប់ដើម្បីធានាបានកៅអីវគ្គ ១៦ក្រុមចុងក្រោយ Europa League។ ខ្សែប្រយុទ្ធព័រទុយហ្កាល់ Cristiano Ronaldo គឺជាអ្នកបញ្ជូនឱ្យកីឡាកររវ័យ ១៨ឆ្នាំ Garnacho ស៊ុតបញ្ចូលទីតាំងពីនាទីទី១៧ មុនពេលដែល Ronaldo មានឱកាស ១ ទល់ ១ ជាមួយអ្នកចាំទីតែធ្វើមិនបានសំរេច។ បីពិន្ទុនេះធ្វើឱ្យ Manchester United បញ្ចប់ការប្រកួតក្នុងពូល E មាន ១៥ពិន្ទុស្មើ Real Sociedad តែក្រុមអេស្ប៉ាញឈរលេខ១ ដោយផលសងគ្រាប់បាល់ចំណេញ។ Real Sociedad នឹងបន្តដំណើរទៅវគ្គ ១៦ក្រុមដោយស្វ័យប្រវត្តិតែ Manchester United ត្រូវលេងវគ្គ Play-Off ២ជើងនៅខែកុម្ភៈឆ្នាំក្រោយជួបជាមួយក្រុមដែលធ្លាក់ពី UEFA Champions League។
ងាកមកលទ្ធផលផ្សេងទៀត ក្រុមកាំភ្លើងធំ Arsenal មិនឱ្យភ្លាត់បីពិន្ទុក្នុងផ្ទះឡើយពេលទទួលភ្ញៀវស្វ៊ីស FC Zurich តាមស្មើរយៈជ័យជំនះ ១-០ ដោយគ្រាប់បាល់របស់ Kieran Tierney នៅនាទីទី១៧។ បីពិន្ទុនេះធ្វើឱ្យក្រុមរបស់លោក Mikel Arteta បញ្ចប់ការប្រកួតក្នុងពូល A ជាក្រុមលេខ១ ខណៈលេខ២ ក្នុងពូលបានទៅក្រុមហូឡង់ PSV Eindhoven ដែលយកឈ្នះនៅទឹកដី Bodo/Glimt ២-១ យប់មិញផងដែរ។ ការចាប់ផ្តើមបែងចែកគូប្រកួតវគ្គ ១៦ក្រុមចុងក្រោយនឹងធ្វើឡើងថ្ងៃចន្ទដើមសប្តាហ៍ក្រោយ៕
អត្ថបទ៖នាង សុភាវុធ