រុស្ស៊ី៖ មន្ត្រីលើកបន្តុបដោយរុស្ស៊ីមួយរូបនៅក្នុងភាគខាងត្បូងអ៊ុយក្រែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុង Moscow ទំនឹងជានឹងដកកងទ័ពរបស់ខ្លួនចេញពីច្រាំងភាគខាងលិចនៃទន្លេ Dnipro ជាការបង្ហាញសញ្ញានៃការដកថយដ៏ធំ ប្រសិនបើត្រូវបានបញ្ជាក់ពិតមែននោះ នឹងក្លាយជាចំណុចប្រែប្រួលដ៏សំខាន់ក្នុងសង្គ្រាមនេះ។

ប៉ុន្តែក្រុមមន្ត្រីអ៊ុយក្រែន និងក្រុមអ្នកវិភាគរបស់លោកខាងលិចនៅតែប្រុងប្រយ័ត្នអំពីសញ្ញានានាដែលថា រុស្ស៊ីបានបោះបង់ចោលតំបន់នេះ ហើយមានភាពស្ងប់ស្ងាត់ពីមេដឹកនាំជាន់ខ្ពស់នៅក្នុងទីក្រុង Moscow ជុំវិញអ្វីដែលនឹងក្លាយការដកថយដ៏អាម៉ាស់បំផុតថ្មីមួយទៀតរបស់រុស្ស៊ី។ ទីក្រុង Kyiv និយាយថា កងកម្លាំងរបស់ខ្លួននៅតែកំពុងប្រយុទ្ធក្នុងតំបន់នេះនៅឡើយ ហើយមានការប្រុងប្រយ័ត្នដែលអាចថា ទីក្រុង Moscow រៀបអន្ទាក់ដោយធ្វើជាដកកងទ័ពចេញ។
និយាយក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Solovyov Live ដែលជាសារព័ត៌មាន online គាំទ្រវិមានក្រឹមឡាំងលោក Kirill Stremousov អនុរដ្ឋបាលជនស៊ីវិលនៃតំបន់ Kherson លើកបន្តុបដោយរុស្ស៊ីបាននិយាយថា អង្គភាពរបស់យើង និងទាហានរបស់យើងនឹងចាកចេញទៅកាន់ច្រាំងទន្លេភាគខាងកើត៕
អត្ថបទ៖ សុខមាន