ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៣ មេសា ២០២១នេះថា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលមុខនេះ គឺយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បន្តចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជាធម្មតា។
លោកវេជ្ជបណ្ឌិត ងី មានហេង បន្តទៀតថា បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះ ក្រុមការងារគ្រូពេទ្យ នៅក្នុងរាជធានីភ្នំពេញទាំងអស់ បន្តដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋជាធម្មតា ដើម្បីការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ដោយឡែកសម្រាប់មណ្ឌលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅក្នុងក្របខណ្ឌរាជធានីភ្នំពេញ មានចំនួន៣៤ទីតាំង ក្នុងនោះយើងមានក្រុមគ្រូពេទ្យដែលចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋមានចំនួនជាង៦០០នាក់ និងក្រុមសម្របសម្រួលអាជ្ញាធរតាមមូលដ្ឋាន សរុបទាំងអស់មានចំនួនជាង១០០០នាក់ ផ្សេងទៀត។
សូមបញ្ជាក់ផងដែរថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នឹងមកដល់ព្រះរាជាណាចក្រកម្ពុជា ជាបន្តបន្ទាប់ ហើយវ៉ាក់សាំងកូវីដ-១៩ ចំនួន៥០ម៉ឺនដូស នឹងមកដល់នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ។ ចំណែក១លាន៥សែនដូស នឹងមកដល់នៅខែឧសភា និង២លានដូស នឹងមកដល់នៅខែកក្កដា និង៣លានដូស នឹងមកដល់នៅខែមិថុនា និង១លានដូសទៀត នឹងមកដល់នៅក្នុងខែសីហា ឆ្នាំ២០២១ខាងមុខនេះ។ វ៉ាក់សាំងកូវីដ១៩ ជាឧបករណ៍ថ្មីមួយបន្ថែមលើវិធានការសុខាភិបាល ដែលមានស្រាប់ សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងសង្គ្រោះជីវិតមនុស្ស ដោយជួយបុគ្គលមិនឲ្យឈឺធ្ងន់ធ្ងរនៅពេលឆ្លងជំងឺកូវីដ១៩ និងកាត់បន្ថយព្យាបាលនៅមនី្ទរពេទ្យ។ ហើយវ៉ាក់សាំងកូវីដ១៩ ដែលកំពុងប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាវ៉ាក់សាំងដែលបានធ្វើតេស្តពីសុវត្ថិភាព និងប្រសិទ្ធភាពម៉ត់ចត់ និងកំពុងប្រើប្រាស់នៅតាមបណ្តាប្រទេសនានាក្នុងតំបន់ និងក្នុងពិភពលោក ដែលបណ្តាប្រទេសមួយចំនួន បាននិងកំពុងតែដំណើរការចាក់បានរាប់សិបលាននាក់រួចទៅហើយ៕
អត្ថបទ រដ្ឋា