ហ្វីលីពីន៖ អាជ្ញាធរបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់ដោយសារព្យុះត្រូពិច Paeng ដែលត្រូវបានគេស្គាល់ជាអន្តរជាតិថា Nalgae បានកើនឡើងដល់ ១៥០នាក់នៅក្នុងប្រទេសហ្វីលីពីន។

ក្រុមប្រឹក្សាគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មនុស្ស ៣៦នាក់ផ្សេងទៀតនៅតែបាត់ខ្លួននៅឡើយ ខណៈ ១២៨នាក់បានរងរបួសក្នុងអំឡុងពេលខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះចាប់តាំងពីសប្តាហ៍មុន។ តំបន់ Bangsamoro ជាតំបន់ស្វយ័តនៅភាគខាងត្បូងបានរាយការណ៍ថា មនុស្ស ៦៣នាក់បានស្លាប់។ ព្យុះបានបោកបក់កាត់ភាគខាងត្បូងប្រទេសហ្វីលីពីនភាគច្រើនបង្កឲ្យមានទឹកជំនន់ និងបំណាក់ដី។ ប្រធានាធិបតីលោក Ferdinand Marcos Jr. កាលពីថ្ងៃពុធបានដាក់តំបន់មួយចំនួនស្ថិតនៅក្រោមស្ថានភាពគ្រោះមហន្តរាយ រយៈពេល ៦ខែដោយសារតែការបំផ្លិចបំផ្លាញដែលនាំបង្កឡើងដោយព្យុះ Paeng។
អង្គភាពព័ត៌មានប្រធានាធិបតីបាននិយាយថា នឹងមានការអនុញ្ញាតឱ្យរដ្ឋាភិបាលគ្រប់គ្រងដោយប្រសិទ្ធភាព នូវតម្លៃតម្រូវការជាមូលដ្ឋាន និងទំនិញចាំបាច់ ហើយអាចឱ្យទាំងរដ្ឋាភិបាលថ្នាក់ជាតិ និងមូលដ្ឋានប្រើប្រាស់មូលនិធិរបស់ពួកគេសម្រាប់វិធានការសង្គ្រោះ និងការស្តារឡើងវិញ។ ទិន្នន័យដែលចេញផ្សាយដោយក្រុមប្រឹក្សាគ្រប់គ្រងគ្រោះមហន្តរាយជាតិបង្ហាញថា មនុស្សជិត ៤លាននាក់បានរងផលប៉ះពាល់ដោយសារព្យុះនៅក្នុងតំបន់ចំនួន ១៧កន្លែងនៅទូទាំងខេត្តចំនួន ៧៤ របស់ប្រទេសហ្វីលីពីន។ រដ្ឋាភិបាលបានបង្កើតមជ្ឈមណ្ឌលជម្លៀសប្រមាណ ២.១០០កន្លែង ខណៈព្យុះនេះបានធ្វើឲ្យមនុស្ស ១,២លាននាក់ភៀសខ្លួន។ ព្យុះបានបំផ្លាញលំនៅឋានចំនួន ១៥,១៦២ខ្នង រចនាសម្ព័ន្ធសាធារណៈចំនួន ៣៦៧កន្លែង និងផ្ទៃដីកសិកម្មចំនួន ៦៩,២៦០ហិកតា៕
អត្ថបទ៖ ប៊ុនថន