អាមេរិក៖ យោងតាមមន្ត្រីមួយរូបក្នុងរដ្ឋបាលសហរដ្ឋអាមេរិកជឿជាក់ថា ចិន និងរុស្ស៊ីមានអំណាចបញ្ចុះបញ្ចូលកូរ៉េខាងជើងកុំឲ្យបន្តការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរបាន។
មន្ត្រីដែលបាននិយាយទៅកាន់សារព័ត៌មាន Reuters ដោយសុំមិនបញ្ចេញឈ្មោះបាននិយាយថា ខណៈសហរដ្ឋអាមេរិកធ្លាប់បានលើកឡើងចាប់តាំងពីខែឧសភាថា កូរ៉េខាងជើងកំពុងត្រៀមបន្តការសាកល្បងនុយក្លេអ៊ែរជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧ មក គេមិនទាន់ច្បាស់ទេថានៅពេលណាប្រទេសឯកោមួយនេះអាចនឹងសាកល្បង។ កូរ៉េខាងត្បូងបានក៏បានព្រមានផងដែរពីការបាញ់សាកល្បងនុយក្លេអ៊ែរទី៧ រយៈពេលជាច្រើនខែ ខណៈក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិបាននិយាយកាលពីសប្ដាហ៍មុនថា ទីក្រុងព្យុងយ៉ាងកំពុងត្រៀមសាកល្បង។
មន្ត្រីអាមេរិកខាងលើបានប្រាប់សារព័ត៌មាន Reuters យើងមានការជឿជាក់ខ្ពស់ថា ពួកគេបានត្រៀមរួចរាល់ហើយ។ ខ្ញុំមិនអាចប្រាប់អ្នកទាំងអស់គ្នាថា យើងគិតថានឹងមានការបាញ់នៅថ្ងៃនេះសម្រាប់ហេតុផលផ្សេងៗ ព្រោះយើងក៏មិនបានដឹងច្រើនដែរ។ ទីក្រុងវ៉ាស៊ីនតោនចង់ឃើញរុស្ស៊ី និងចិនធ្វើអ្វីតាមដែលពួកគេអាចធ្វើទៅបាន ដើម្បីពិភាក្សាជាមួយទីក្រុងព្យុងយ៉ាង៕
អត្ថបទ៖ សុខមាន