ភ្នំពេញ៖ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអះអាងថា ភាគីចិនសន្យាបន្តកាគាំទ្រ ចំពោះការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា និងបន្តធ្វើជាដៃគូពាណិជ្ជកម្មធំជាងគេ ប្រទេសប្រភពវិនិយោគធំជាងគេ និងដៃគូជំនួយអភិវឌ្ឍន៍ធំជាងគេរបស់ប្រទេសកម្ពុជា ក្នុងរយៈពេលច្រើនឆ្នាំជាប់ៗគ្នា ។
ក្នុងសិក្ខាសាលាស្ដីពី “សហគមន៍ជោគវាសនារួមកម្ពុជាចិន ប្រកៀកស្មាគ្នាឆ្ពោះទៅមុខក្នុងដំណើរថ្មី” រៀបចំឡើងដោយវិទ្យុមិត្តភាពកម្ពុជាចិននៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ព្រឹទ្ធសភាកម្ពុជា សមាគមស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកអគ្គរដ្ឋទូតចិន បានថ្លែងថា កម្ពុជា-ចិន រក្សាបានទំនាក់ទំនងកម្រិតខ្ពស់យ៉ាងស្អិតរមួតជាប់ជានិច្ច និងពង្រឹងការដឹកនាំជាយុទ្ធសាស្ត្រនូវទំនាក់ទំនងទ្វេភាគី និងឈរលើគោលការណ៍គោរពគ្នា ស្វែងយល់គ្នា រាប់អានគ្នាដោយសមធម៌ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក ភាគីទាំងពីរបានគោរពមាគ៌ាអភិវឌ្ឍន៍ ដែលគ្រប់ភាគីជ្រើសរើសទៅវិញទៅមក និងប្រកាន់គោលជំហរគាំទ្រគ្នាទៅវិញទៅមក នៅលើបញ្ហាទាក់ទងដល់ផលប្រយោជន៍ធំនៃភាគីនីមួយៗ ។
ឯកឧត្តម បន្តថា ភាគីទាំងពីរតែងតែជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងទាំងអស់ ដោយឈរលើគោលការណ៍ឈ្នះឈ្នះ ផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ជំរុញការអភិវឌ្ឍរួម និងសម្រេចបានវិបុលភាពរួមគ្នាក្នុងការស្វែងរកវឌ្ឍនភាពរៀងៗខ្លួន ។
ទូតចិន បានបញ្ជាក់ថា ភាគីចិន អនុវត្តការសន្យាគាំទ្រការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាយ៉ាងយកចិត្តទុកដាក់ បន្តធ្វើជាដៃគូពាណិជ្ជកម្មធំជាងគេ ប្រទេសប្រភពវិនិយោគធំជាងគេ និងដៃគូជំនួយអភិវឌ្ឍន៍ធំជាងគេរបស់ប្រទេសកម្ពុជា ក្នុងរយៈពេលច្រើនឆ្នាំជាប់ៗគ្នា ហើយគាំទ្រឱ្យផលិតផលកសិកម្មគុណភាពខ្ពស់របស់ប្រទេសកម្ពុជា នាំចូលទៅទីផ្សារប្រទេសចិន រួមទាំងផ្ដល់ ជំនួយឥតសំណងរបស់ប្រទេសចិន និងគម្រោងវិនិយោគធំៗរបស់សហគ្រាសចិន នៅកម្ពុជា បានសម្រេចលេចចេញរូបរាងឡើងជាបន្តបន្ទាប់ ។
លោក អាន ស៊ីយូ ប្រធានមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី និងអាហ្រ្វិកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានឲ្យដឹងថា សហគមន៍ជោគវាសនារួមកម្ពុជា-ចិន មិនមែនជាទ្រឹស្ដីមិនច្បាស់លាស់នោះទេ ពោលគឺវាបានចូលទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជននៃប្រទេសទាំងពីរ និងទាក់ទងដោយផ្ទាល់ដល់វឌ្ឍនភាព មានរយៈពេលវែងនៃសង្គមសេដ្ឋកិច្ចនយោបាយរបស់ប្រទេសទាំងពីរ ។
ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា មានប្រសាសន៍ថា សិក្ខាសាលានេះ នឹងធ្វើឱ្យអ្នកចូលរួមបានយល់កាន់តែស៊ីជម្រៅពីសមាជលើកទី២០ របស់បក្សកុម្មុយនិស្តចិន ហើយក៏បានចូលរួមឆ្លុះបញ្ចាំងភាពរឹងមាំនៃចំណងមិត្តភាព អមតៈរវាងកម្ពុជា-ចិន ដែលបាននឹងកំពុងវិវត្តជាសកល និងជាសកម្មភាពជំរុញចំណងមេត្រីភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ដើម្បីបង្កើនល្បឿនចូលរួមជាមួយគ្នាក្នុងការកសាងសហគមន៍ជោគវាសនារួម ។
ឯកឧត្តម បានបន្តថា ភាគីទាំងពីរបន្តចាប់ដៃគ្នាកសាងនូវភាពសុខដុមរមនា សន្តិសុខគ្រប់ទីកន្លែង ការបើកទូលាយ យោគយល់គ្នា និងស៊ីជម្រៅនូវទំនាក់ទំនងរវាងប្រទេសទាំងពីរដែលបានប្រសិទ្ធនាមថា «ចំណងមិត្តភាពដែកថែប» ជាពិសេសរវាងសភានៃប្រទេសទាំងពីរបង្កើតបានទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ធានាដល់ដំណើរការនៃការកសាងយុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវប្រព្រឹត្តទៅដោយរលូនការពាររក្សា សន្តិសុខស្ថេរភាព និងអត្ថប្រយោជន៍នៃការអភិវឌ្ឍ ៕ អត្ថបទ បាន សុខរិទ្ធិ








