ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាជាតិស្តារ និងអភិវឌ្ឍកសិកម្ម ថ្លែងថា ការរៀបចំទិវាជាតិអាហារូបត្ថម្ភ មានគោលដៅអភិវឌ្ឍមួយមូលធនមនុស្ស កំណើនសេដ្ឋកិច្ចជាតិ និងវឌ្ឍនភាពសង្គម។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាជាតិស្តារ និងអភិវឌ្ឍន៍កសិកម្ម នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងទិវាជាតិអាហារូបត្ថម្ភ ក្រោមប្រធានបទ ម្ហូបអាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែល្អប្រសើរ ដោយទិវានេះមានក្រសួង ស្ថាប័ន អង្គការដៃគូនានាចូលរួមប្រមាណ២០០នាក់។
ទិវាជាតិអាហារូបត្ថម្ភត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នាថ្ងៃទី៦ ខែវិច្ឆិកា ក្នុងគោលបំណងផ្សព្វផ្សាយអប់រំ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ ឱ្យបានទូលំទូលាយនៅ ទូទាំងប្រទេសអំពីសារៈសំខាន់នៃវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ មូលធនមនុស្ស បង្កើនប្រសិទ្ធភាពការងារ ជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រាប់BTVឲ្យដឹងថា គោលដៅចម្បងសំខាន់៤ ដែលជំរុញឲ្យប្រារព្ធទិវាជាតិអាហារូបត្ថម្ភនោះគឺ ជំរុញអភិវឌ្ឍន៍មូលធនមនុស្ស បង្កើនកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គមជាដើម។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបត្រូវចូលរួមជាមួយទិវាជាតិអាហារូបត្ថម្ភនេះ ដើម្បីបញ្ជៀសផលប៉ះពាល់ដល់សុខុមាលភាព ប្រសិនបើការទទួលអាហារូបត្ថម្ភក្នុងសហគមន៍មិនបានស្វែងយល់ពីសុវត្ថិភាពម្ហូបអាហារ។
ពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ គឺជាកិច្ចការរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយសារ ម្ហូបអាហារមានសុវត្ថិភាព នឹងធានាចំពោះសុខភាព ជីវភាពរស់នៅ និងសុខុមាលភាពរបស់មនុស្សគ្រប់រូប។ ការលើកកម្ពស់សុវត្ថិភាព ម្ហូបអាហារ គឺជាកត្តាសំខាន់សម្រាប់ចីរភាពប្រព័ន្ធស្បៀង ការអភិវឌ្ឍមូលធនមនុស្ស និងជាតម្រូវការ ចាំបាច់ដើម្បីឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ ។
ទន្ទឹមគ្នានេះ ការរីកចម្រើន ផ្នែកសេដ្ឋកិច្ចនិងសង្គម បានធ្វើឱ្យប្រជាជនផ្លាស់ប្ដូររបៀបរបបរស់នៅនិងការហូបចុកដោយផ្លាស់ប្តូរពីការ ហូបដើម្បីឆ្អែត មកហូបដើម្បីសុខភាព ហើយឆ្នាំនេះរាជរដ្ឋាភិបាលបានសម្រេចជ្រើសរើសយកប្រធានបទ “ម្ហូបអាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែល្អប្រសើរ” ដើម្បីចូលរួមអបអរសាទរ ការប្រកាសឱ្យប្រើច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ការប្រារព្ធទិវាសុវត្ថិភាពស្បៀងអាហារពិភពលោក កាលពីខែមិថុនា កន្លងមកនេះ៕អត្ថបទ សេក ឧត្តម