ភ្នំពេញ៖ ដើម្បីរក្សាបាននូវសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់ នាកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងរៀបចំឡើង នៅក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខនេះ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានត្រៀមកងកម្លាំងគ្រប់ប្រភេទរាប់ពាន់នាក់ ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ នាកិច្ចប្រជុំកំពូលអាស៊ាន ឱ្យបានល្អប្រសើរ ។
វរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជា និងការណែនាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចគ្រប់ផ្នែក ជាពិសេស នគរបាលចរាចរណ៍គ្រប់បណ្តាគោលដៅ ដោយសហការជាមួយតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រៀមខ្លួនរួចជាស្រេចក្នុងការ ជួយសម្រួលចរាចរណ៍ មិនឱ្យមានកកស្ទះឡើយ នាកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងរៀបចំឡើង នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅសប្ដាហ៍ក្រោយនេះ ។
ក្រៅពីនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏នៅមានកម្លាំងអន្តរាគមន៍ពិសេស ការិយា ល័យជំនាញពាក់ព័ន្ធ និងសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យត្រៀមចាំជួយអន្តរាគមន៍គ្រប់ពេលវេលា ៕

