អ៊ុយក្រែន៖ ទាហានអ៊ុយក្រែនបានបាញ់គ្រាប់រ៉ុក្កែតចេញពីប្រព័ន្ធបាញ់រ៉ុក្កែតចម្រុះ លើទីតាំងរបស់រុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍នៅសមរភូមិលើព្រំដែនតំបន់ Kharkiv និង Luhansk។ បទបញ្ជាយោធាអ៊ុយក្រែនបានហាមឃាត់ការកំណត់អត្តសញ្ញាណទីតាំងនៅក្នុងតំបន់ Kharkiv ជាប់ព្រំដែនតំបន់ Luhansk ដែលគ្រប់គ្រងដោយរុស្ស៊ី។
ទាហានដែលគ្រប់គ្រងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្រុះសម័យសូវៀត BM-21 Grad បានចាកចេញពីទីតាំងបាញ់បន្ទាប់ពីបញ្ចប់បេសកកម្ម និងគ្របប្រព័ន្ធអាវុធដោយមែកឈើ។ មេបញ្ជាការលោក Mykola ដែលមិនបានផ្តល់នាមត្រកូលបានប្រាប់សារព័ត៌មាន Reuters ថា យើងកំពុងរុលចូលទៅមុខ និងវាយរុញច្រានសត្រូវឲ្យចាកចេញពីទឹកដីរបស់យើង។ នេះជាភស្តុតាងដែលបង្ហាញថា យើងមានការសម្របសម្រួល និងបទពិសោធន៍ល្អ យើងបានប្រយុទ្ធអស់រយៈពេល 8ឆ្នាំមកហើយ។ ទន្ទឹមនឹងនេះរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin នៅមន្ទីរបញ្ចកោណកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា អ្វីដែលនឹងក្លាយជាការបរាជ័យដ៏ធំសម្រាប់រុស្ស៊ីក្នុងសង្គ្រាមលើអ៊ុយក្រែន ពេលនេះក្រុមមន្ត្រីកំពុងនិយាយថា កងកម្លាំងអ៊ុយក្រែនមានសមត្ថភាពក្នុងការដណ្តើមយកទីក្រុង Kherson ភាគខាងត្បូងជាយុទ្ធសាស្ត្រមកវិញពីកងទ័ពរុស្ស៊ី។
សំខាន់បំផុតអ៊ុយក្រែនជឿថា ពួកគេមានសមត្ថភាពធ្វើដូច្នេះបាន។ យើងបានឃើញពួកគេចូលរួមដែលមានវិធីសាស្ត្រ មានកិច្ចខិតខំប្រឹងប្រែងដ៏មានប្រសិទ្ធភាព ដើម្បីដណ្តើមយកទឹកដីអធិបតេយ្យភាពរបស់ពួកគេមកវិញ។ ការថ្លែងរបស់លោក Austin ស្របគ្នានឹងមន្ត្រីដែលត្រូវបានលើកបន្តុបដោយរុស្ស៊ីនៅក្នុងតំបន់ Kherson បាននិយាយថា ទីក្រុងមូស្គូទំនងជានឹងដកកងទ័ពរបស់ខ្លួនចេញពីច្រាំងភាគខាងលិចនៃទន្លេ Dnipro។ រដ្ឋធានី និងកំពង់ផែទន្លេនៅតំបន់នេះគឺជាទីក្រុងធំតែមួយគត់ ដែលរុស្ស៊ីបានចូលកាន់កាប់ចាប់តាំងពីការវាយលុករបស់ខ្លួន ចាប់ផ្តើមនៅចុងខែកុម្ភៈ។ ប៉ុន្តែអ៊ុយក្រែនបាននិយាយថា ខ្លួននៅតែប្រយុទ្ធនៅក្នុងតំបន់នេះ ហើយកំពុងប្រុងប្រយ័ត្នថា កងកម្លាំងរុស្ស៊ីកំពុងដាក់អន្ទាក់ដោយធ្វើជាការដកខ្លួនថយ។ ទីក្រុង Kharkiv ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះបានរងការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់រុស្ស៊ីដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាលឱ្យដាច់ចរន្តអគ្គិសនី៕
អត្ថបទ៖ ប៊ុនថន