បាត់ដំបង៖ ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងចំនួនជាង ១ម៉ឺននាក់ បានចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ ២០២២ គិតចាប់ពី ថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២១ មានចំនួនជាង៦០ម៉ឺននាក់។
លោក សុខ ហ៊ីង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង បានឱ្យដឹងថា តាម ការប៉ាន់ស្មាន ចំនួនប្រជាពលរដ្ឋដែលគ្រប់អាយុអាចចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២២ មានចំនួន២៥ ៥៩៨នាក់ ក្នុងនោះអ្នកដែលបានចុះឈ្មោះថ្មី ចំនួន១១ ៥២៦នាក់ ។
លោក សុខ ហ៊ីង បានឱ្យដឹងបន្ថែមថា ប្រជាពលរដ្ឋ ដែលទទួលមរណភាព ត្រូវបានលុបចេញពី បញ្ជីបោះឆ្នោត មានចំនួន២ ៧៣១នាក់ និងលុបឈ្មោះអ្នកប្ដូរចេញពីឃុំ សង្កាត់ មានចំនួន៣ ៤៩៩នាក់ ។ ចំណែកអ្នកប្ដូរការិយាល័យក្នុងឃុំសង្កាត់ មានចំនួន១ ៣៣៥នាក់ ក៏ត្រូវបានលុបឈ្មោះ និងកែទិន្ន័យ បាន ៤៦៦នាក់។
ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង សំណូមពរដល់ភាគីពាក់ព័ន្ធទាំងអស់ ទាំងអាជ្ញាធរដែនដី កងកម្លាំង គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល សូមផ្ដល់កិច្ចសហការ និង បង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដល់បងប្អូនប្រជាពលរដ្ឋបានទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យ បញ្ជីឈ្មោះបោះឆ្នោត។
លោក សុខ ហ៊ីង បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងទាំងអស់ អញ្ជើញទៅពិនិត្យ បញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ឱ្យបានទាន់ពេលវេលា ដើម្បីត្រៀមខ្លួនបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា៕អត្ថបទ៖ នឿត សុភក្ត្រ