ភ្នំពេញ៖ ឯកឧត្ដមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា បើទោះនៅមានបញ្ហាប្រ ឈមខ្លះៗក្ដី ដើម្បីអនុវត្តការងារបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ តែនឹងខិតខំធ្វើយ៉ាងឲ្យសម្រេចបាននូវផែនការ កម្ពុជាគ្មានមីន នៅឆ្នាំ២០២៥។
ក្នុងកិច្ចប្រជុំ ស្តីពីការរៀបចំសន្និបាតជាតិ ប្រារព្ធខួបលើកទី៣០ នៃវិស័យសកម្មភាពមីននៅកម្ពុជា “ផ្ដល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” នៅថ្ងៃទី០៤ ខែវិច្ឆិកា នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានមាន ប្រសាសន៍ថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន៣ គឺប្រទេសអាហ្កានីស្ថាន និងប្រទេសអ៊ីរ៉ាក់ ដែលប្រ ឈមនឹងបញ្ហាគ្រាប់មីនច្រើនជាងគេ រួមទាំងបង្កឲ្យប្រជាពលរដ្ឋរងគ្រោះច្រើនផងដែរ។
ឯកឧត្ដម បានបន្តថា សម្រាប់ប្រទេសកម្ពុជា នៅសល់ផ្ទៃដីចំនួន៧០០គីឡូម៉ែត្រក្រឡាទៀត ដែលនឹងត្រូវបោសសម្អាត ដែលភាគច្រើន ស្ថិតនៅក្នុងខេត្តភាគខាងលិច ជាប់នឹងព្រំដែនថៃ ខណៈកម្លាំង ប្រតិបត្តិករនានា កំពុងធ្វើការបោសសម្អាត រួមទាំងការអនុវត្តគម្រោងសម្ដេចតេជោ សម្រាប់សកម្មភាពមីន ក្រោមមូលបទ “ផ្ដល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” នៅតាមបណ្ដាខេត្តមួយចំនួនផងដែរ។
ឯកឧត្ដម លី ធុជ បានបន្ថែមថា ចំពោះប្រតិបត្តិករបោសសម្អាតមីននៅកម្ពុជា គឺមានជំនាញ និង បទពិសោធន៍ច្រើន រួមទាំងបានជួយហ្វឹកហ្វឺនដល់កងកម្លាំងបោសសម្អាតមីនក្នុងប្រទេសដទៃជាច្រើន ទៀត ប៉ុន្តែទោះជាយ៉ាងនេះក្ដី បច្ចុប្បន្ន កម្ពុជា នៅមានបញ្ហាប្រឈមផងដែរ លើការខ្វះខាតកម្លាំងប្រតិបត្តិ ករ ដើម្បីអនុវត្ត និងធ្វើឲ្យសម្រេចបាននូវផែនការកម្ពុជាគ្មានមីន នាឆ្នាំ២០២៥ ។
នៅថ្ងៃទី២១ និងទី២២ ខែវិច្ឆិកា នេះ អាជ្ញាធរមីន នឹងរៀបចំសន្និបាតជាតិ និងប្រារព្ធខួបលើក ទី៣០ នៃវិស័យសកម្មភាពមីននៅកម្ពុជា “ផ្ដល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញចូលរួមជាអធិបតីផងដែរ៕ អត្ថបទ៖ បាន សុខរិទ្ធិ