ភ្នំពេញ៖ អ្នកដឹកនាំកិច្ចការអភិរក្សកម្ពុជាចំនួន ៦នាក់ ត្រូវបានទទួលស្គាល់ផ្លូវការ ថាជាបុគ្គលឆ្នើមអភិរក្សទន្លេមេគង្គ ដើម្បីធ្វើសកម្មភាពថែទាំបរិស្ថាន រាប់បញ្ចូលទាំងការអភិរក្សប្រភេទសត្វកំពុងរងគ្រោះថ្នាក់ ដូចជាផ្សោតទន្លេមេគង្គ ត្រីរាជ កន្ធាយក្បាលកង្កែប និងសកម្មភាពអប់រំផ្សព្វផ្សាយដល់សហគមន៍ ក្នុងមូលដ្ឋានពីកិច្ចការពារធនធានដែលមានសារៈសំខាន់ សម្រាប់ប្រជាជនកម្ពុជាទាំងមូល មានជាអាទិ៍ ព្រៃឈើ និងមច្ឆជាតិ។
នៅក្រោយចប់កម្មវិធីប្រគល់ពានរង្វាន់សម្រាប់បុគ្គលឆ្នើមក្នុងការងារអភិរក្សទន្លេមេគង្គ កាលល្ងាចថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០២២កន្លងទៅ អ្នកស្រី ជា សិលា អ្នកសម្របសម្រួលគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានមានប្រសាសន៍ប្រាប់បណ្តាញអ្នកសារព័ត៌មានថា នេះជាលើកទី២ហើយ នៃការផ្តល់ជូនពានរង្វាន់ដល់បុគ្គលឆ្នើមក្នុងការងារអភិរក្សលើការងារគាំពារបរិស្ថាន ក្រោមជំនួយថវិកាពីទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ដើម្បីបង្ហាញបុគ្គលគំរូក្នុងតំបន់ទន្លេមេគង្គ ដែលធ្វើការសិក្សាស្រាវជ្រាវ ការពារ ឬលើកកម្ពស់ចំណេះដឹងអំពីប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ ជម្រក និងមរតកវប្បធម៌នៅទន្លេមេគង្គដ៏អស្ចារ្យនេះ។
ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅក្នុងកម្មវិធីនេះ បានលើកឡើងថា សុខុមាលភាពទន្លេ គឺមានសារៈសំខាន់ណាស់សម្រាប់សហគមន៍ សត្វព្រៃ និងសកម្មភាពសេដ្ឋកិច្ចនានាទូទាំងប្រទេសកម្ពុជា។
ឯកឧត្តមបានបន្តថា ការទទួលស្គាល់ និងបង្ហាញជាសាធារណៈចំពោះអ្នកដឹកនាំគាំពារបរិស្ថាន គឺមានសារៈសំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងយើងទាំងអស់គ្នាក្នុងការទទួលខុសត្រូវថែរក្សាសម្បត្តិធម្មជាតិដែលមានតម្លៃដ៏មហាសាលនៃប្រទេសកម្ពុជា។
ឯកឧត្ដម ស្រ៊ុន លឹមសុង អគ្គនាយករងនៃរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងការអបអរសាទរដល់បុគ្គលឆ្នើមទាំង ៦នាក់ ចំពោះការទទួលបានជយលាភីនាពេលនេះ ដែលបានបណ្ដុះគំនិតដល់យើងទាំងអស់និងក្រើនរំលឹកយើងពីសារៈសំខាន់ នៃការផ្សារភ្ជាប់គ្នារវាងទន្លេ និងជីវិតដែលរស់នៅក្នុងទឹក៕ អត្ថបទ៖ ឈិត បូរ៉ាវី