ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងឆ្នាំ ២០២៣ខាងមុខនេះ នឹងទទួលបានថវិកាជាតិ ជាង ៩០០លានដុល្លារ។ ចំនួនថវិកានេះ គឺជាចំនួនច្រើនជាងបណ្ដាក្រសួងដទៃទាំងអស់ នេះបើផ្អែកលើសេចក្ដីព្រាងច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។
ក្រសួងអប់រំ យុវជន និងកីឡា ក្នុងឆ្នាំ ២០២៣ខាងមុខ គឺនៅតែជាក្រសួងដែលទទួលបានថវិកាជាតិច្រើនជាងគេបំផុត បើធៀបនឹងបណ្ដាក្រសួងដទៃ។ ជាក់ស្ដែងសេចក្ដីព្រាងច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ បញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា ទទួលបានថវិកាជាង ៩០០លានដុល្លារ បន្ទាប់មកក្រសួងសុខាភិបាលទទួលបានជាង ៦៩០លានដុល្លារ និងក្រសួងការពារជាតិនៅលំដាប់ទី ៣ ដែលទទួលបានថវិកាសរុបជាង ៦៦០លានដុល្លារ។
ជុំវិញការទទួលបានថវិកាច្រើនសម្រាប់ក្រសួងអប់រំ លោក សូ ធី ជាគណៈគ្រប់គ្រងសាលាបឋមសិក្សាចតុមុខ បង្ហាញសេចក្ដីត្រេកអរជាខ្លាំងចំពោះទំហំថវិកានេះ។ លោកជឿជាក់ថា ថវិកាជាតិសម្រាប់វិស័យអប់រំនេះ គឺនឹងជួយដល់ការអភិវឌ្ឍន៍សាលារៀន ការពង្រឹងគុណភាព និងកិច្ចការជាច្រើនទៀត ក្នុងគោលដៅឈានទៅការបង្កើតធនធានមនុស្សឱ្យមានប្រសិទ្ធភាពកាន់តែច្រើន។
សម្រាប់ក្រសួងអប់រំ យុវជន និងកីឡា បើផ្អែកតាមប្រសាសន៍របស់ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់បានលើកឡើងកាលពីថ្ងៃទី ១២ ខែកញ្ញាឆ្នាំ ២០២២កន្លងទៅថា ក្រសួងអប់រំ បានកំណត់អាទិភាពកំណែទម្រង់វិស័យអប់រំ ៨ ចំណុច។ ចំណុចទាំងនោះរួមមាន សាលារៀនបើកដំណើរការ និងធានាការស្ដារឡើងវិញការសិក្សា និងការបន្តការសិក្សារបស់សិស្ស ការធ្វើកំណែទម្រង់សាលារៀន ដើម្បីអនុវត្តការគ្រប់គ្រងសាលារៀន ការធានាឱ្យមានគ្រូបង្រៀន មានគុណភាពខ្ពស់ ការអប់រំឌីជីថល ការអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ការអភិវឌ្ឍន៍ជំនាញសតវត្សទី ២១ សម្រាប់យុវជន ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅកម្រិតឧត្តមសិក្សា និងការពង្រឹងសមត្ថភាពស្ថាប័ន និងការកសាងប្រព័ន្ធអប់រំ៕ អត្ថបទ៖ គឹមហុក