ភ្នំពេញ៖ នៅខណៈរដូវរងារឈានចូលមកដល់នេះ ថ្ងៃទី០៤ ខែតុលានេះ ឯកឧត្តម សែម សុវណ្ណនី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបន្ទាយស្រី បានយកអំណោយអាវរងារអមដោយអង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូនប្រជាពលរដ្ឋជាង ៦០០នាក់ មកពី៦ឃុំនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។
នៅខណៈដែលអាកាសធាតុកំពុងមានភាពប្រែប្រួល ធ្លាក់ខ្យល់រងានេះ ឯកឧត្តម សែម សុវណ្ណនី ថ្លែងអំពាវនាវឲ្យបណ្តាប្រជាពលរដ្ឋជាពិសេស លោកតា លោកយាយ បង្កើនកិច្ចការពារថែទាំសុខភាព ចៀសពីរោគផ្តាស់សាយ ផ្លូវដង្ហើម និងមេរោគនានាទៀត ជាពិសេសការឆ្លងរាតត្បាតមេរោគកូវីដ១៩ និងកូវីដបំប្លែងខ្លួននានាទៀត។
ព្រមជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានស្នើឲ្យបណ្តាពលរដ្ឋបន្តប្រុងប្រយ័ត្នការពារខ្លួន ដោយត្រូវអនុវត្តវិធានការបីកុំបីការពារ បន្តការពាក់មាស់ ឧស្សាហលាងដៃ សាប៊ូទឹកអាកុលជែល រក្សាគន្លាត និងត្រូវនាំគ្នាបន្តចាក់វ៉ាក់សាំការពារកូវីដ១៩ដូសជម្រុញ ដើម្បីពង្រឹងភាពស៊ាំការពារកូវីដ១៩។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម សែម សុវណ្ណនី ក៏បានលើកឡើងថា ប្រទេសជាតិក្រោមការដឹកនាំប្រកបដោយគតិបណ្តិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាំងពីដើមរៀងមកសម្តេច តែងតែយកចិត្តទុកដាក់ជាប់ជាប្រចាំអំពីសុខទុក្ខ និងសុខមាលភាពរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ដោយខិតខំស្វែងរកវ៉ាក់សាំងកូវីដ១៩ ចាក់ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នាទោះបីនៅទីកន្លែងណាក៏ដោយ។
ក្នុងឱកាសនោះ ឯកឧត្តម សែម សុវណ្ណនី ក៏បានប្រកាសចលនាប្រជាពលរដ្ឋតាមខ្នងផ្ទះ អភិវឌ្ឍន៍ផ្ទះ១ អំពូល១ ព្រមទាំងដាំដើមសាគូរ៉ា និងដើមក្ងោក នៅដងផ្លូវសង្ខាងផ្លូវ ក្នុងគោលបំណងអភិវឌ្ឍន៍មូលដ្ឋានសហគមន៍ ឱ្យមានសោភ័ណភាព និងទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យចូលមកទស្សនាកម្សាន្ត នាមូលដ្ឋានស្រុកបន្ទាយស្រីបានច្រើនឡើងថែមទៀត។
ក្នុងឱកាសនោះដែរ ឯកឧត្តម សែម សុវណ្ណនី និងលោកជំទាវ ព្រមទាំងក្រុមការងារ ក៏បាននាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់មន្ទីរស្រុកនូវអង្ក១តោន ថវិកា ២លានរៀល និងឃុំទាំង៦ ដោយក្នុង១ឃុំអង្ក១តោន និងថវិកា ១លានរៀល សម្រាប់ត្រៀមជួយដល់បងប្អូនប្រជាជនដែលមានការខ្វះខាតផងដែរ៕ អត្ថបទ៖ ស៊ុម សុខជា