ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យអភិបាល តាមខណ្ឌស្រង់ស្ថិតិកម្មករ កម្មការិនី ដែលកំពុងធ្វើចត្តាឡីស័ក ឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលផ្តល់អំណោយជូនពួកគាត់។
ក្នុងកិច្ចប្រជុំតាមរយៈ video conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ ពិសេសខណ្ឌដែលត្រូវបានបិទខ្ទប់ភូមិឋាន ចំនួន៣ខណ្ឌ ត្រូវស្រង់ស្ថិតិពលរដ្ឋឱ្យបានច្បាស់លាស់ ងាយស្រួលក្នុងផ្តល់អំណោយជូនពួកគាត់ ក្នុងនោះ ការងារស្ថិតិបន្ទប់ជួល ផ្ទះជួល និងអ្នកស្នាក់នៅអចិន្ត្រៃយ៍ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីគ្រប់គ្រង និងធានាឱ្យបានក្នុងការចែកអំណោយឱ្យបានទៅដល់ដៃប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលកំពុងធ្វើចត្តាឡីស័ក ក្នុងតំបន់បិទខ្ទប់។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ការចែកអំណោយនៅតំបន់បិទខ្ទប់ គឺត្រូវចែកជូនកម្មករ កម្មការិនីមុនគេ ព្រោះពួកគាត់ជាអ្នកមានជីវភាពខ្វះខាតជាងគេ ហើយក៏ងាយរងគ្រោះជាងគេផងដែរ ដែលអាជ្ញាធរត្រូវយកចិត្តទុកដាក់បំផុត។ ចំពោះខណ្ឌ១១ទៀត ដែលមិនមានការបិទខ្ទប់ភូមិឋានក៏ត្រូវតែចុះស្រង់ស្ថិតិឱ្យបានច្បាស់ដែរ មានន័យថា នៅពេលមានបញ្ហាកើតឡើង យើងមានស្ថិតិនៅក្នុងដៃស្រាប់។ យើងទាំងអស់គ្នាត្រូវចូលរួមការគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយអនុវត្តឱ្យបាន " ៣ការពារ ៣កុំ " ព្រមទាំងការអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីចៀសផុតពីជំងឺកូវីដ១៩៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

