ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១នៃរដ្ឋសភា ថ្លែងថា រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបានត្រៀមរួចរាល់ដើម្បីដឹកនាំធ្វើជាម្ចាស់ផ្ទះក្នុងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ។
ការថ្លែងរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា ធ្វើឡើងក្នុងពេល អញ្ជើញដឹកនាំកិច្ចប្រជុំពីវឌ្ឍនភាពការងារត្រៀមរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន(AIPA)លើកទី៤៣ និងកិច្ចប្រជុំទល់មុខគ្នារវាងថ្នាក់ដឹកនាំសភាអាយប៉ា និងប្រមុខដឹកនាំអាស៊ាន នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មការរៀបចំ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ព្រមទាំងឯកឧត្តម លោកជំទាវ ជាអនុគណៈកម្មការ ប្រធានដឹកនាំអង្គប្រជុំតាមគណៈកម្មាធិការជំនាញ ប្រធានគណៈប្រតិភូកម្ពុជា មន្រ្តីជំនាញពីក្រសួងពាក់ព័ន្ធ ក្រុមប្រឹក្សាយោបល់ និងមន្រ្តីលេខាធិការដ្ឋានជាតិអាយប៉ា-កម្ពុជា។
ថ្លែងក្នុងកិច្ចប្រជុំឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា ជំនួសមុខអោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន អាយប៉ាលើកទី៤៣ សូមថ្លែងអំណរគុណជូន ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈកម្មការរៀបចំប្រធានអនុប្រធាន សមាជិក សមាជិកា នៃអនុគណៈកម្មាធិការនានា គណៈប្រតិភូសភាកម្ពុជា ក្រុមប្រឹក្សាយោបល់ តំណាងក្រសួងពាក់ព័ន្ធ ព្រមទាំងមន្រ្តីនៃលេខាធិការ ដ្ឋាន ជាតិអាយប៉ា-កម្ពុជា ដែលបានអញ្ជើញចូលរួមនាពេលនេះដើម្បីពិនិត្យ ឡើងវិញនូវវឌ្ឍនភាព ការងារ ចុងក្រោយត្រៀមរៀបចំមហាសន្និបាតអាយប៉ាលើកទី៤៣ ខាងមុខ និងកិច្ចប្រជុំទល់ មុខគ្នា រវាង ថ្នាក់ដឹកនាំអាយប៉ា និងប្រមុខដឹកនាំអាស៊ាន ដែលការងារទាំងឣស៉ស្ទើតែត្រៀម រៀបចំរួចរាល់ ឣស់ហើយនៅតែបន្តឹចបន្តួចដែលទាមទាឣោយគ្រប់ផ្នែកទាំងឣស់ពិនិត្យបន្ថែមទៀតដើម្បីឣោយ បានរលូនល្អ។
ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការអាយប៉ា-កម្ពុជា បានជម្រាបជូនអង្គប្រជុំពីវឌ្ឍនភាព ការងារ របស់អគ្គលេខាធិការដ្ឋានអាយប៉ា ដោយបានរៀបចំលិខិតអញ្ជើញកម្មវិធីប្រជុំ ប្រធានបទ បូលបទនិងផ្ញើរជូនប្រទេសជាសមាជិកអន្តរសភាអាស៊ាន និងប្រទេសសង្កេតការណ៍រួចរាល់អស់ ហើយ ខណៈឯកសារពាក់ព័ន្ធនឹងកិច្ចប្រជុំមហាសន្និបាតអាយប៉ាលើកទី៤៣ បានត្រៀមរួចរាល់។
ដោយឡែក អនុគណៈកម្មការជំនាញនានា ក៏បានឡើងធ្វើរបាយការណ៍ពាក់ព័ន្ធ និង អនុគណៈកម្មាធិការជំនាញនានារួមមាន អនុគណៈកម្មការឯកសារ អនុគណៈកម្មការ សន្តិសុខ អនុគណៈបដិសណ្ឋាកិច្ច និងអនុគណៈកម្មការហិរញ្ញវត្ថុបានត្រៀមរួចរាល់អស់ហើយដែរ។ ទន្ទឹមនិងនោះឯកឧត្តម ស៊ូ ភិរិន តំណាងអនុប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ បានប្រជុំឯកភាពគ្នា រួច រាល់លើគម្រោងចំណាយ តាមអនុគណៈកម្មាធិការនីមួយៗ។
ក្នុងនោះ ក៏មានការត្រៀមពីដំណើរទស្សនកិច្ចរបស់ប្រទេស កូរ៉េ ប៉ូឡូញ អាហ្សាក់បៃហ្សង នេប៉ាល់ ហើយ និងចូលរួមសង្កតការណ៍ក្នុងកិច្ចប្រជុំមហាសន្និបាតអន្តរសភាលើកទី៤៣ផងដែរ។
សូមបញ្ជាក់ថា កិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នឹងប្រព្រឹត្តទៅ រយៈពេល ៦ថ្ងៃ ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២៕អត្ថបទ៖ សេក ឧត្តម