ភ្នំពេញ៖ ក្នុងកំឡុងថ្ងៃឈប់សម្រាកនៃពិធីបុណ្យអុំទូក ដែលនឹងឈានដល់នាពេលខាងមុខនេះ កម្មករ កម្មការិនីបម្រើការងារក្នុងវិស័យកាត់ដេរ អះអាងថា ពួកគាត់មិនមានគម្រោងដើរកម្សាន្តនៅតំបន់ទីណាទេ ក្រៅពីជួបជុំគ្រួសារនៅស្រុកកំណើតរៀងៗខ្លួន។
ក្នុងកិច្ចសម្ភាសន៍រវាងទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី៥ ខែ វិច្ឆិកា ឆ្នាំ២០២២នេះ ក្រុមកម្មករកាត់ដេរស្ថិតនៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានឲ្យដឹងថា មិនថាតែឆ្នាំនេះ ឬឆ្នាំកន្លងៗទៅទេ រៀងរាល់ពិធីបុណ្យជាតិ និងថ្ងៃឈប់សម្រាករយៈពេលវែង ពួកគាត់តែងតែទៅស្រុកកំណើត ដើម្បីជួបជុំគ្រួសារ និងសាច់ញាតិ។ ពួកគាត់ បានឲ្យដឹងទៀតថា ក្រៅពីជួបជុំក្រុមគ្រួសារ ពួកគាត់នៅបន្តជួយការងារខ្លះៗរបស់អ្នកផ្ទះ ដូចជាជួយស្រោចដំណាំដាំដុះ និងឃ្វាលគោជាដើម។
សូមបញ្ជាក់ថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២២នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុញ្ញាតឲ្យកម្មករនិយោជិតទាំងអស់ អាចឈប់សម្រាកបានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់៩ ខែ វិច្ឆិកា ដោយមានប្រាក់ឈ្នួល។ ក្នុងនោះ ក្រសួងក៏បានក្រើនរម្លឹកទៅដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតទាំងអស់ ត្រូវបន្តចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ និងវិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀតឲ្យបានខ្ជាប់ខ្ជួន ចៀសវាងឆ្លងជំងឺ និងមេរោគទាំងឡាយ នាំឲ្យខាតប្រយោជន៍ផ្ទាល់ខ្លួន៕អត្ថបទ៖ ឈិត បូរ៉ាវី