ភ្នំពេញ៖ នាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា នៅចុងសប្ដាហ៍នេះ បានដឹកនាំ គណៈគ្រប់គ្រងសាលារៀន រួមទាំងមន្រ្តីពាក់ព័ន្ធមកពី សាលាគោលដៅចំនួន ៥ ដើម្បីសិក្សាពីគំរូ នៅសាលាបឋមសិក្សាចតុមុខ។
សាលារៀនគោលដៅចំនួន ៥ ដែលបានមកបំពេញទស្សនកិច្ចពីភាពជាគំរូ នៅសាលាបឋម សិក្សាចតុមុខ នៅរាជធានីភ្នំពេញនេះ ជាសាលាដែលត្រូវបានជ្រើសចេញពីខេត្តគោលដៅចំនួន ៥ផងដែរ។ សាលាទាំងនោះគឺ មកពីខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម ស្វាយរៀង និងខេត្តតាកែវ។
ជុំវិញការដឹកនាំដំណើរទស្សនកិច្ចនេះ លោកជំទាវ ឆាយ គឹមសុទ្ធាវី ប្រធានាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ បញ្ជាក់ថា នេះជាទស្សនកិច្ចសិក្សាពីភាពជាគំរូ នៃស្តង់ដារសុខភាពគ្រប់ជ្រុងជ្រោយ ដោយមានការគាំទ្រពី។
លោកជំទាវបន្តថា ស្តង់ដារសុខភាពសិក្សា គឺផ្តោតលើជាច្រើនចំណុច ទាំងការងារបរិស្ថាន រួមទាំងបន្ទប់សុខភាព និងចំណុចជាច្រើនទៀត។ ទស្សនកិច្ចនេះ គឺផ្តល់ជាការសិក្សាបន្ថែម សម្រាប់សាលាទាំង ៥ អាចរៀនសូត្រពីភាពជោគជ័យរបស់ សាលាបឋមសិក្សាចតុមុខ ដើម្បីទៅអនុវត្ត បំពេញចន្លោះខ្វះខាត នៅសាលារបស់ខ្លួន។
ជាការលើកឡើងជូនសាលាទាំង ៥ក្នុងទស្សនកិច្ចនេះ លោក គ្រូ សូ ធី ជានាយកសាលាបឋមសិក្សាចតុមុខ លើកឡើងថាភាពជោគជ័យដែលអាចធ្វើទៅគឺភាពសហការគ្រប់ភាគីពាក់ព័ន្ធ។ សាលាតែឯង គឺមិនអាចសម្រេចបាននោះទេ។
ក្រោយបញ្ចប់ការទស្សនកិច្ចនេះ លោក អិន អាន នាយករងវិទ្យាល័យក្រុងកំពង់ឆ្នាំង ជាសាលាមួយក្នុងចំណោមសាលាទាំង ៥ដែលត្រូវបានក្រសួងអប់រំ ជ្រើសរើស បានបង្ហាញជាភាពរីករាយក្នុងការសិក្សាស្វែងយល់ពីការអនុវត្តបានជោគជ័យនសាលាចតុមុខ។ លោកបន្តថា សម្រាប់សាលាលោកគ្រូ គឺទទួលយកបទពិសោធន៍ល្អៗ ពីសាលាចតុមុខ ដើម្បីអនុវត្តនៅសាលាគ្រូឱ្យបានជោគជ័យផងដែរ៕ អត្ថបទ៖ គឹមហុក