កំពង់ធំ៖ កាលពីថ្ងៃទី៤ វិច្ឆិកាម្សិលមិញនេះ អាជ្ញាធរខេត្តកំពង់ធំ រៀបចំកម្មវិធីអុំទូកថ្នាក់ខេត្ត ក្រោមអធិបតីភាពឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត។
ក្នុងឱកាសនោះដែរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ លើកឡើងថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលតែងតែទទួលបានការទុកចិត្ត និងគាំទ្រយ៉ាងច្រើនលើសលប់ពីប្រជាពលរដ្ឋ។
ពិធីអុំទូកថ្ងៃនេះ មិនមែនជាការចង់ឈ្នះ ចង់ចាញ់ យករង្វាន់ពេកនោះទេ ប៉ុន្តែជាការចូលរួមថែរក្សា វប្បធម៌ប្រពៃណីជាតិ ដ៏ល្អរបស់យើងឲ្យគង់វង្សស្ថិតស្ថេរជានិច្ចនិរន្តរ៍។ ដូចដែលយើងទាំង អស់គ្នាបានដឹងមកហើយ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ជាប្រពៃណី ទំនៀមទម្លាប់ខ្មែរដែលជាមរតកវប្បធម៌ដូនតាបានបន្សល់ទុកតាំងពីសម័យបុរាណយូរលង់ណាស់មកហើយ។ សព្វថ្ងៃពិធីបុណ្យដ៏មានសារៈសំខាន់នេះ ត្រូវបានពលរដ្ឋប្រតិបត្តិបន្តរៀងរាល់ឆ្នាំ និងចាត់ទុកថា ជាបុណ្យប្រពៃណីវប្បធម៌ជាតិដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យសំខាន់ៗជាច្រើនទៀត។
សូមបញ្ជាក់ផងដែរចំនួនទូកដែល ចូលរួមប្រកួតរួមមានចំនួន ៤១ទូកក្នុងនោះ ទូក « ង » មាន ចំនួន៤ ទូក ទូកខ្នាតអន្តរជាតិមានចំនួន ១៦ទូក និងទូកផ្កាចារមានចំនួន ២១ទូក និងកីឡាករកីឡាការិនីចំណុះឲ្យទូកចំនួនប្រមាណ ១,១៧៥នាក់៕អត្ថបទ៖ លី សាងស៊ីន