បាល់ទាត់៖ អ្នកចាត់ការក្លិបបារាំង PSG លោក Mauricio Pochettino បាននិយាយដាក់ខ្លួនក្នុងសន្និសីទសារព័ត៌មានថា Bayern Munich នៅតែជាក្រុមមានប្រៀបទោះក្រុមរបស់លោកនាំមុខ ៣-២ ជើងទី១ ក៏ដោយ។ Paris Saint Germain បានយកឈ្នះជើងទី១ វគ្គ ៨ក្រុមចុងក្រោយ UEFA Champions League លើ Bayern Munich ៣-២ នៅទឹកដីអាល្លឺម៉ង់ដោយពីរគ្រាប់របស់ខ្សែប្រយុទ្ធបារាំង Kylian Mbappe។

និយាយក្នុងសន្និសីទសារព័ត៌មានម្សិលមិញ អតីតអ្នកចាត់ការ Spurs លោក Mauricio Pochettino បានលើកឡើងថា បទពិសោធន៍របស់ Bayern Munich បានធ្វើអោយពួកគេជាក្រុមមានប្រៀប ពួកគេជាក្រុមការពារជើងឯក ក្រោយមកក៏ឈ្នះជើងឯក FIFA Club World Cup ពោលគឺពួកគេឈ្នះពានចំនួន ៦ ប៉ុន្មានខែចុងក្រោយនេះ ទាំងនេះជាអ្វីដែលក្រុមរបស់លោកមិនអាចមើកស្រាល និងមានការគោរពជានិច្ច។ រឿងសំខាន់មួយទៀតគឺ Bayern Munich នៅ Champions League មិនទាន់ចាញ់ក្រៅដីឡើយក្នុង ១៧ប្រកួតចុងក្រោយ។ តែក្រុមជើងឯកបារាំង Paris Saint Germain មានគ្រាប់ចំណេញមួយគ្រាប់ និងគ្រាប់បាល់ក្រៅដីដល់ទៅ ៣គ្រាប់ ស្របពេល Bayern Munich ក៏នឹងបន្តអវត្តមានខ្សែប្រយុទ្ធសំខាន់ Robert Lewandowski៕
អត្ថបទ៖នាង សុភាវុធ