ព្រះវិហារ៖ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញចុះចែកអំណោយគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ប្រមាណ ១,២៨៨គ្រួសារ នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានណែនាំអាជ្ញាឲ្យពិនិត្យការធ្វើស្រែ និងដំណាំចម្រុះ ក្រោយទឹកជំនន់។
ជាកិច្ចចាប់ផ្តើមសំណេះសំណាល នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ដែលសម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់ចំពោះពលរដ្ឋកម្ពុជាគ្រប់ៗរូប។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងទៅកាន់ប្រជាពលរដ្ឋ ពីកិច្ចអន្តរាគមន៍របស់សម្តេចតេជោ ហ៊ុន សែន ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដោយសម្តេចតេជោ បានអញ្ជើញទៅកាន់ខេត្តជុំវិញបឹងទន្លេសាប និងខេត្តព្រៃវែង ដើម្បីផ្តល់ពូជស្រូវ និងស្បៀងអាហារផ្សេងៗ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសរំលេចថា បើទោះបីសម្តេចមមាញឹកនឹងការងារធំៗរបស់ជាតិ តែសម្តេចនៅតែឆ្លៀតពេលពីការងារដ៏មមាញឹក ដើម្បីដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់។ តាមរយៈសកម្មភាពទាំងនេះ បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ របស់សម្តេចតេជោ ទៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋរងគ្រោះដោយទឹកជំនន់។
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានចូលរួមសោកស្តាយជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារតែគ្រោះទឹកជំនន់។ បើទោះបីជាយ៉ាងណា ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យប្រឹងប្រែងធ្វើស្រែឡើងវិញ សម្រាប់កន្លែងមានប្រភពទឹក ហើយកន្លែងគ្មានប្រភពទឹក ត្រូវយកចិត្តទុកដាក់ដាំដុះបន្លែ និងចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាព។
ក្នុងឱកាសនោះនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរពាក់ព័ន្ធ ដែលបានរួមគ្នា ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋពេលទឹកជំនន់។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា តែងតែនៅជាប់ជាមួយប្រជាពលរដ្ឋជានិច្ច ជាពិសេសរាល់ពេលពលរដ្ឋមានទុក្ខលំបាក។ ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ទាំងអស់ដែលបានរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ឱ្យទទួលបាននូវភាពជោគជ័យ។
គួរបញ្ជាក់ថា ខេត្តព្រះវិហារ ជាខេត្តមួយដែលទទួលរងការវាយប្រហារពីជំនន់ទឹកភ្លៀង និងទឹកធ្លាក់មកពីប្រទេសថៃ នាំឱ្យលិចលង់ផ្ទះសម្បែង និងផលដំណាំរបស់ប្រជាពលរដ្ឋមួយចំនួនផងដែរ។ បើតាមលោកអភិបាលខេត្ត ទឹកជំនន់នេះ ប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ២២៩គ្រួសារ ក្នុងនោះ ជម្លៀស ប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាពចំនួន១២៣គ្រួសារ។ ប៉ះពាល់ដំណាំស្រូវ ១០,៩២៣ហិកតា ខូចខាត ៥,០៥៧ហិកតា និងដំណាំរួមផ្សំ ៨,០២០ហិកតា ខូចខាត ៤,៣៣៨ហិកតា និងប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធ ចំនួន ០៦ក្រុង ស្រុក ផ្លូវជនបទមួយចំនួនទទួលរងការខូចខាត ប៉ះពាល់សាលារៀន មណ្ឌលសុខភាព និងវត្តអារាមមួយចំនួនទៀត៕ អត្ថបទ ៖ ឧត្ដម