ឧត្តរមានជ័យ៖ ដើម្បីរួមចំណែក និងកាត់បន្ថយការរងគ្រោះថ្នាក់ដោយសារមីន កាលពីថ្ងៃទី ៥ខែវិច្ឆិកា ឆ្នាំ២០២២ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបន្តផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋក្រីក្រ ប្រឈមនឹងគ្រោះថ្នាក់ដោយសារមីនចំនួន ១០០គ្រួសារទៀត រស់នៅក្នុងក្រុង-ស្រុកចំនួន៣ នៃខេត្តឧត្តរមានជ័យ ដែលក្នុងគ្រួសារនីមួយៗ ទទួលបានថវិកាចំនួន ១លានរៀល សម្រាប់យកទៅប្រកបមុខរបរកសិកម្ម លក់ដូរ និងចិញ្ចឹមសត្វជាដើម។
ពិធីប្រគល់-ទទួលប្រាក់កម្ចីខាងលើនេះ បានប្រព្រឹត្តទៅក្រោមវត្តមានលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ដែលធ្វើឡើងនៅទីតាំងចំនួន ៣ផ្សេងគ្នា គឺទីតាំងទី១ ស្ថិតនៅមណ្ឌលសុខភាពគោកមន សម្រាប់ប្រជាពលរដ្ឋរស់នៅស្រុកបន្ទាយអំពិលចំនួន ២៥គ្រួសារ, ទីតាំងទី២ ស្ថិតនៅសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ សម្រាប់ប្រជាពលរដ្ឋរស់នៅក្រុងសំរោងចំនួន ២០គ្រួសារ និងទីតាំងទី៣ ស្ថិតនៅអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកចុងកាល់ សម្រាប់ប្រជាពលរដ្ឋរស់នៅស្រុកចុងកាល់ចំនួន ៥៥គ្រួសារ។
លោកជំទាវ ម៉ែន នារីសោភគ បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២២នេះ នៅខេត្តឧត្តរមានជ័យ មានប្រជាពលរដ្ឋបានទទួលប្រាក់កម្ចីសរុបចំនួន ១៥០គ្រួសារ បន្ថែមពីលើប្រជាពលរដ្ឋចំនួន ៥៦គ្រួសារ ដែលកំពុងបង្វិលថវិកាដែលពួកគាត់ទទួលបានកាលពីឆ្នាំ២០១៩ យកទៅពង្រីកមុខរបរ ធ្វើឱ្យកម្រិតជីវភាពគ្រួសាររបស់ពួកគាត់មានភាពល្អប្រសើរឡើង។
ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសលើកទឹកចិត្តឱ្យបងប្អូនបន្តខិតខំពង្រីកមុខរបរ បង្កបង្កើនផល ដើម្បីលើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។
លោកជំទាវ បានលើកឡើងថា «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ឆ្ងាយដាច់ស្រយាល ធ្លាប់ជាទីតាំងសមរភូមិសង្គ្រាម ដែលបន្សល់ទុកនូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយប្រឈមនឹងការរងគ្រោះថ្នាក់ដោយសារមីន។ ហេតុដូចនេះហើយ កាកបាទក្រហមកម្ពុជា តែងតែធ្វើការចុះអប់រំផ្សព្វផ្សាយអំពីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក៏ដូចជាបន្តអនុវត្តផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ជូនដល់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការប្រកបរបរចូលព្រៃដែលប្រឈមនឹងគ្រោះថ្នាក់នានា។
លោកជំទាវ បានគូសបញ្ជាក់ដែរថា «ឆ្លើយតបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាកបាទក្រហមកម្ពុជា ក៏បានចុះអនុស្សរណៈប្រគល់ថវិកាចំនួន ២លានដុល្លារអាមេរិក ជូនដល់ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) ដើម្បីចូលរួមជាចលនាជាតិឆ្ពោះទៅរកសូន្យគ្រាប់មីននៅឆ្នាំ២០២៥។
ប្រជាពលរដ្ឋដែលទទួលបានប្រាក់កម្ចីពី កាកបាទក្រហមកម្ពុជា ម្នាក់ម្នាក់ រំភើបសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកក្រហមកម្ពុជា ដែលបានផ្តល់ជាប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ដល់ពួកគាត់ ដែលកំពុងខ្លះខាតក្នុងជីវភាព។ ដោយសង្ឃឹមថាប្រាក់ទាំងនេះ និងយកទៅពង្រីកមុខរបរបង្កបង្កើនផល រឺចិញ្ចឹមសត្វបន្ថែមទៀត ដើម្បីជីវភាពរបស់ពួកគាត់កាន់តែល្អប្រសើរជាមុន។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៥ ដល់ឆ្នាំ២០២២នេះ កាកបាទក្រហមកម្ពុជា បានផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ជូនដល់គ្រួសារយុទ្ធជន-អតីតយុទ្ធជន គ្រួសារប្រឈមនិងរងគ្រោះថ្នាក់ដោយសារមីន គ្រួសារមានពិការភាព និងគ្រួសារក្រីក្រសរុបចំនួន ៨,១១៥គ្រួសារ ដែលរស់នៅខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ កណ្តាល និងព្រះវិហារ ហើយដែលប្រាក់កម្ចីនេះ បាននិងកំពុងជួយកាត់ដបន្ថយការរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងបានកែប្រែជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឱ្យល្អប្រសើរឡើង តាមរយៈការប្រកបរបរដាំដំណាំ ចិញ្ចឹមសត្វ លក់ដូរ កាត់ដេរ អ៊ុតសក់ ជួសជុលកង់ម៉ូតូ ជាដើម។
បច្ចុប្បន្នប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់របស់កាកបាទក្រហមកម្ពុជា បាននិងកំពុងអនុវត្តនៅតាមក្រុង-ស្រុកគោលដៅចំនួន១៣ ក្នុងខេត្តឧត្តរមានជ័យ ព្រះវិហារ និងខេត្តពោធិ៍សាត់៕







