ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា តាមរយៈការសិក្សាកន្លងមក បានបង្ហាញថា ការបញ្ចប់សង្រ្គាមដោយនយោបាយឈ្នះ ឈ្នះគឺជា «ទស្សនវិជ្ជាសនិ្តភាព» ប្រកបដោយការប្តេជ្ញាចិត្តខាងនយោបាយដ៏មុតមាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិក និងមគ្គុទ្ទេសក៍ឯក។
ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាប្រវត្តិសាស្ត្រយោធា ស្តីពីនយោបាយឈ្នះ ឈ្នះ (គោលការណ៍ ដំណើរការ និងសមិទ្ធផល) « ចូលរួម ចែករំលែក ដើម្បីសន្តិភាព និងសុខដុមភាព» ទីស្តីការក្រសួងការពារជាតិ នាថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា« យើងទាំងអស់គ្នាស្រលាញ់សន្តិភាព ពិតណាស់សន្តិភាព មិនអាចទទួលបានដោយងាយៗនោះទេ ជាពិសេសក្នុងបរិបទនៃប្រទេសកម្ពុជា ដែលជាប្រទេសធ្លាប់ទទួលរងនូវសង្គ្រាម និងជម្លោះបែកបាក់ក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំមកហើយ។
តាមរយៈការសិក្សាកន្លងមក បានបង្ហាញថា ការបញ្ចប់សង្រ្គាមដោយនយោបាយឈ្នះ ឈ្នះ គឺជា «ទស្សនវិជ្ជាសនិ្តភាព» ប្រកបដោយការប្តេជ្ញាចិត្តខាងនយោបាយដ៏មុតមាំរបស់ សម្តេចតេជោ ដែលជាស្ថាបនិក និងមគ្គុទ្ទេសក៍ឯក»។
ក្នុងន័យនេះការបញ្ចប់សង្គ្រាមមិនមែនជាអព្ភូតហេតុចៃដន្យនោះឡើយ ដូចនេះទើបនៅក្នុងដំណើរការនៃការបញ្ចប់សង្គ្រាមក្រោមនយោបាយឈ្នះ-ឈ្នះ គឺទាមទារនូវការដឹកនាំប្រកបដោយទេពកោសល្យខ្ពស់ រួមផ្សំនឹងយុទ្ធសាស្ត្រជាលក្ខណៈវិទ្យាសាស្ត្រ ពីព្រោះបរិស្ថានគ្របដណ្តប់ និងសភាពការណ៍ជុំវិញមានភាពស្មុគ្រស្មាញ ព្រមជាមួយការប្រែប្រួលលឿនរហ័សបំផុត។ លើសពីនេះគេក៏អាចនិយាយបានថា នយោបាយឈ្នះ ឈ្នះ នៅកម្ពុជា មានអត្ថន័យយ៉ាងទូលំទូលាយ ពោលគឺគ្របដណ្តប់លើគ្រប់វិស័យនៃសង្គមជាតិទាំងមូល ដោយហេតុថា នយោបាយឈ្នះ ឈ្នះ បាននាំមកនូវសន្តិភាពពេញលេញ ឯកភាពជាតិ ឯកភាពទឹកដី រដ្ឋធម្មនុញ្ញតែមួយ រដ្ឋាភិបាលតែមួយ កងកម្លាំងប្រដាប់អាវុធតែមួយ ដែលជាកត្តាអំណោយផលដល់ការធានាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ក៏ដូចជាការអភិវឌ្ឍរីកចម្រើនរបស់សង្គមជាតិលើគ្រប់វិស័យ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមទៀតថា ការសិក្សាប្រវត្តិសាស្ត្រយោធា គឺជាការស្រាវជ្រាវអំពីប្រវត្តិសាស្ត្រការពារជាតិសង្គ្រាម និងជម្លោះប្រដាប់អាវុធ ដោយធ្វើការវិភាគអំពីជ័យជម្នះ និងបរាជ័យតាមដំណាក់កាលនីមួយៗ ក៏ដូចជាអំពីក្រឹត្យក្រមនៃការកកើតចលនាប្រដាប់អាវុធ, សិល្បិ៍វិធីកងទ័ព និងការអភិវឌ្ឍកងទ័ព។ ជារួមប្រវត្តិសាស្រ្តយោធា គឺជាធនធានដ៏ចាំបាច់មួយសម្រាប់ការអភិវឌ្ឍគតិបណ្ឌិតជាយុទ្ធសាស្ត្រសម្រាប់ការដឹកនាំ។
ក្នុងន័យនេះ តាមរយៈព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនានាដែលកម្ពុជាបានរងឥទ្ធិពល ជាពិសេសផលវិបាកនៃសង្រ្គាមរ៉ាំរ៉ៃ រហូតទទួលបានសន្តិភាពពេញលេញតាមរយៈនយោបាយឈ្នះ ឈ្នះ យើងក៏អាចនិយាយបានថា ប្រវត្តិសាស្រ្តយោធានៅកម្ពុជា គឺជាប្រភពនៃមេរៀនបទពិសោធន៍ដ៏សម្បូរបែប និងជាធនធានពុទ្ធិសម្រាប់ការកសាងដុះខាត់គតិបណ្ឌិតជាយុទ្ធសាស្ត្រ ដែលមានសារៈសំខាន់ចាំបាច់នាំឱ្យសម្រេចជោគជ័យក្នុងការបំពេញភារកិច្ចរបស់កងយោធពលខេមភូមិន្ទទាំងក្នុងដំណាក់កាលបច្ចុប្បន្ន និងទៅអនាគត។
ដូច្នេះសិក្ខាសាលានេះ គឺជាការចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពរបស់នាយទាហានកងយោធពលខេរមភូមិន្ទ តាមរយៈការស្វែងយល់អំពីប្រវត្តិសាស្ត្រយោធា និងការអនុវត្តនយោបាយឈ្នះ ឈ្នះ ប្រកបដោយជោគជ័យរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជាពុទ្ធិ និងបទពិសោធន៍ដ៏មានតម្លៃឧត្តុង្គឧត្តមសម្រាប់យោធិនយើងក្នុងនាមជាអ្នកជំនាន់ក្រោយ។
លោកឧត្តមសេន៍ ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងងដែរថា សិក្ខាសាលាប្រវត្តិសាស្ត្រយោធានៅថ្នាក់កងយោធពលខេមរភូមិន្ទលើកដំបូងនេះ នឹងដើរតួនាទីសំខាន់ក្នុងការបំពេញបន្ថែម បន្ទាប់ពីបានប្រមូលធាតុចូលជាច្រើនតាមរយៈលទ្ធផលនៃសិក្ខាសាលាប្រវត្តិសាស្ត្រយោធានៅថ្នាក់យោធភូមិភាគ រួមមានយោធភូមិភាគទី៣,ទី៤ និងទី៥ ដោយមានការចូលរួមពីវាគ្មិនជាថ្នាក់ដឹកនាំអង្គភាពកងពលធំកងពលតូច តំបន់ប្រតិបត្តិការសឹករង និងប្រតិបត្តិករនៃនយោបាយឈ្នះ ឈ្នះ មួយចំនួនទៀត ដើម្បីធ្វើយ៉ាងណាជំរុញការងារប្រវត្តិសាស្ត្រយោធាឱ្យដំណើរការទៅមុខដោយអាចឆ្លើយតបបានទាំងចំពោះតម្រូវការបច្ចុប្បន្ន និងទិសដៅសម្រាប់ពេលអនាគត៕ អត្ថបទ៖ បាន ចក់











