កំពង់ចាម ៖ កម្មករកម្មការិនីរោងចក្រក្នុងខេត្តកំពង់ចាម ភាគច្រើន កំពុងទន្ទឹងរង់ចាំចាក់វ៉ាក់សាំងដោយមិនរារែក ដោយមានការជឿទុកចិត្តចំពោះរាជរដ្ឋាភិបាលកម្ពុជាជានិច្ច ដើម្បីចូលរួមបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។
បើទោះបីមានព័ត៌មានបំពុលសង្គមយ៉ាងណាក៏ដោយ ស្តីអំពីបញ្ហាការចាក់វ៉ាក់សាំង និងបំផុស បំផុល ឱ្យកម្មករកម្មការិនី តាមរោងចក្រ មិនចូលរួមទទួលវ៉ាក់សាំងនោះ ចំពោះកម្មករកម្មការិនី ដែលកំពុង បម្រើការងារនៅក្នុងរោងចក្រ មេតថេក ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម បានគាំទ្រពេញចិត្ត ស្ម័គ្រ ចិត្ត ចូលរួមទទួលការផ្តល់វ៉ាក់សាំងពីរាជរដ្ឋាភិបាល និងស្នើសុំឲ្យមានការពន្លឿនការផ្តល់វ៉ាក់សាំង ដែលជា ជាខែលទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈឃើញមានអ្នកវិជ្ជមានកូវីដជាបន្តបន្ទាប់ ហើយបន្តចូលរួម អនុវត្តវិធានការពារអនាម័យ តាមការណែនាំក្រសួងសុខាភិបាលជានិច្ច។
លោក ចេង ហ៊ាង ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម បានឲ្យដឹងថា បច្ចុប្បន្ន កម្មករកម្មករិនីរោងចក្រក្នុងខេត្តកំពង់ចាម ក្រោយពិធីបុណ្យចូលឆ្នាំថ្មី ទើបផ្តល់ជូនវ៉ាក់សាំង ដែលបច្ចុប្បន្ន ចំនួនកម្មករកម្មករិនី ដែលស្ម័គ្រចិត្តចុះឈ្មោះចាក់វ៉ាក់សាំង បានប្រមាណ៩០ភាគរយ ហើយ។
លោក បានបន្ថែមទៀតថា បច្ចុប្បន្ន នៅតាមបណ្តារោងចក្រ តម្រូវឲ្យកម្មករ កម្មករិនីទាំងអស់ ពាក់ ម៉ាស់ពេលបំពេញការងារ និងមុនចេញចូលរោងចក្រត្រូវវ៉ាស់កម្ដៅ បាញ់អាល់កុលជាប្រចាំ ហើយប្រសិន បើមានករណីឈប់សម្រាក ឬ សុំច្បាប់នោះ ត្រូវមកបំពេញការងារវិញ ត្រូវធ្វើការងារនៅកន្លែង ដោយឡែក ពីគេសិន ទើបអាចចូលកន្លែងដើមបាន និងបន្តអនុវត្តតាមវិធានការ ៣ការពារ និង៣កុំ ដើម្បីឆ្ពោះទៅ បញ្ចប់ព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ នៅកម្ពុជា៕
អត្ថបទ ៖ ថុង សីហា