ភ្នំពេញ៖ ខណៈកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នឹងចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកាខាងមុខនេះ ក្រសួងព័ត៌មានបានរៀបចំរួចរាល់មណ្ឌលព័ត៌មាន នៅសណ្ឋាគារសុខាភ្នំពេញ ជាទីកន្លែងរៀបចំកិច្ចប្រជុំ។
មានប្រសាសន៍ប្រាប់BTV នៅថ្ងៃទី០៧ខែវិច្ឆិកានេះ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានថ្លែងថា ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២២នេះ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួនជិត ២ពាន់នាក់ បានចុះឈ្មោះនៅក្រសួងព័ត៌មាន ដើម្បីទទួលបានកាត ទុកសម្រាប់ប្រើប្រាស់ក្នុងការផ្ដិតយករូបភាព និងខ្លឹមសារព័ត៌មានចេញពីកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
ក្រៅពីនេះ ឯកឧត្តម បន្តថា គិតមកដល់ពេលនេះ ក្រសួងព័ត៌មានរៀបចំរួចរាល់មណ្ឌលព័ត៌មាននៅសណ្ឋាគារសុខាភ្នំពេញជាទីកន្លែងរៀបចំកិច្ចប្រជុំ។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស បានបង្ហាញថា កម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ផ្ដើមថ្ងៃទី១០ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានវត្តមានថ្នាក់ដឹកនាំកំពូលពិភពលោក និងស្ថាប័នអន្តរជាតិចូលរួមប្រមាណជាង៣០ប្រទេស៕ អត្ថបទ៖ទូច សោភ័ណ










