ភ្នំពេញ៖ សណ្ឋាគារសុខាភ្នំពេញជាទីតាំងសំខាន់មួយ ក្នុងចំណោមសណ្ឋាគារជាច្រើនកន្លែងទៀត ដើម្បីរៀបចំទីកន្លែងប្រជុំ និងស្នាក់នៅរបស់គណៈប្រតិភូជាតិ និងអន្តរជាតិសម្រាប់ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ពន្ធ័ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១០ ដល់ ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
លោក ផ្លុង ចន្ទ័ដារិទ្ធគ្រីស នាយកស្តីទីចាត់ការទូទៅនៃសណ្ឋាគារសុខាភ្នំពេញ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានBTVអោយដឹងនៅថ្ងៃទី ០៧ខែវិច្ឆិកា ឆ្នាំ២០២២នេះ មកដល់ពេលនេះ សណ្ឋាគារសុខាភ្នំពេញ បានរៀបចំស្ទើរតែរួចរាល់ទាំងស្រុងហើយ ដើម្បីត្រៀមទទួលវត្តមានរបស់គណៈប្រតិភូជាតិ និងអន្តរជាតិ ដែលនឹងអញ្ជើញចូលរួមប្រជុំ និងស្នាក់នៅ ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ពន្ធ័លើកទី ៤០ និង ៤១។
លោក បានបន្ថែមថា ក្រោយពីទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា ទាំងថ្នាក់ដឹនាំ និង បុគ្គលិករបស់សណ្ឋាគារសុខា បានត្រៀមមុន១ខែមកម្ល៉េះ ដើម្បីរៀបចំទាំងបន្ទប់ប្រជុំតូច មធ្យម និង ធំ បន្ទប់ស្នាក់នៅចំនួន ៧៤៤បន្ទប់ ម្ហូបអាហារសម្រាប់ភ្ញៀវមកពីតំបន់អាស៊ាន អាស៊ី និង អឺរ៉ុបជាដើម។
លោក ផ្លុង ចន្ទ័ដារិទ្ធគ្រីស បានបញ្ជាក់ទៀតថា យោងតាមបទពិសោធន៍ដែលសណ្ឋាគារធ្លាប់ធ្វើកន្លងមកដូចជាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន វេទិកាសេដ្ឋកិច្ចពិភពលោក ព្រមទាំងកិច្ចប្រជុំខ្នាតអន្តរជាតិធំៗជាច្រើនទៀតធ្វើអោយក្រុមការងារ បុគ្គលិករបស់សណ្ឋាគារសុខាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទទួលខុសត្រូវលើការងារប្រជុំអាស៊ាននេះ ដោយខិតខំធ្វើយ៉ាងណាផ្តល់សេវាកម្មអោយល្អអស់ពីសមត្ថភាពដើម្បីមុខមាត់របស់កម្ពុជា និង ប្រជាជនកម្ពុជាទាំងមូល៕អត្ថបទ៖ សូដាវណ្ណ








