ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានបង្ហោះរូបភាពពាក់នាឡិកាអាស៊ាន ផលិតនៅកម្ពុជា ដែលសម្តេច បានបញ្ជាក់ថា នឹងពាក់នៅក្នុងអំឡុងពេលប្រជុំកំពូលអាស៊ាននៅភ្នំពេញដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១០ ដល់ទី១៣ វិច្ឆិកាខាងមុខនេះ និងបន្តពាក់នៅកិច្ចប្រជុំG20 នៅប្រទេសឥណ្ឌូនេស៊ី និងកិច្ចប្រជុំ APECនៅប្រទេសថៃ នាពេលខាងមុខផងដែរ។ សម្តេចតេជោ ក៏បានបញ្ជាក់បន្ថែមដែរថា «ខ្មែរធ្វើបាន»។
សូមអាននូវសំណេរទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានបង្ហោះតាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅរសៀលថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០២២នេះ ដែលមានខ្លឹមសារថា «ប្រធានអាស៊ានឆ្នាំ២០២២ចាប់ផ្តើមពាក់នាឡិកាមានផ្លាកសញ្ញាអាស៊ានផលិតនៅកម្ពុជាមុនគេ។
ខ្ញុំនឹងពាក់នាឡិកានេះក្នុងការប្រជុំអាស៊ាននៅភ្នំពេញ និងបន្តពាក់នៅឥណ្ឌូនេស៊ីពេលប្រជុំG20 ថ្ងៃ១៥ ដល់១៦ បន្ទាប់មកពាក់ចូលរួមប្រជុំ APECនៅថៃថ្ងៃ១៧ និង១៨វិច្ចកា២០២២ព្រោះខ្ញុំចូលរួមទាំងនៅឥណ្ឌូនេស៊ី និងថៃក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ដែរ (ខ្មែរធ្វើបាន)»។
សូមបញ្ជាក់ថា កម្ពុជាបានផលិតនាឡិកាដៃចំនួន ២៥គ្រឿងសម្រាប់ជាវត្ថុអនុស្សាវរីយ៍ជូនប្រធានគណៈប្រតិភូដែលអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាន នៅកម្ពុជាឆ្នាំ២០២២ ខណៈដែលនាឡិកានេះ ត្រូវបានរៀបចំផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរសុទ្ធសាធដែលជាផ្នែកមួយនៃការរីកចំរើនខាងវិទ្យាសាស្រ្ត និងបច្ចេកទេសរបស់កម្ពុជា៕




